បើយោងទៅតាមថ្នាក់ដឹកនាំប្រចាំតំបន់របស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ក្របខ័ណ្ឌ Bundesliga របស់ប្រទេសនេះ អាចនឹងវិលចូលលេងវិញនៅថ្ងៃទី៩ ខែឧសភា បើទោះបីការប្រកួតផ្សេងៗអាចនឹងប្រព្រឹត្តទៅដោយគ្មានអ្នកទស្សនាផ្ទាល់ ដើម្បីការពារការឆ្លងរបស់វីរុសកូរ៉ូណា ក៏ដោយ។
លោក Markus Soeder នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Bavaria ដែលជាទឹកដីរសប់ក្រុម Bayern Munich បានបញ្ជាក់ថា រដ្ឋរបស់ខ្លួននៅតែ «មិនអាចអនុញ្ញាតឲ្យអ្នកទស្សនាចូលក្នុងកីឡដ្ឋានផ្សេងៗឡើយ ដោយសារតែត្រូវរក្សាគម្លាតក្នុងសង្គម ដើម្បីទប់ស្កាត់ការឆ្លងរបស់វីរុសកូរ៉ូណា»។
ប៉ុន្តែ លោក Soeder ដែលបានប្រើប្រាស់ពាក្យ «ការប្រកួតខ្មោច» សម្រាប់ការប្រកួតដែលត្រូវលេងនៅកីឡដ្ឋានគ្មានអ្នកទស្សនានោះ បានប្រាប់កាសែតប្រចាំថ្ងៃ Bild ថា៖ «យើងអាចនឹងចូលលេងវិញនៅថ្ងៃទី៩ ខែឧសភា ក្នុងនាមជាការប្រកួតខ្មោច។ ការសម្រាកចុងសប្តាហ៍ជាមួយនឹងការទស្សនាកីឡាបាល់ទាត់ គឺជារឿងល្អប្រសើរជាងចុងសប្តាហ៍ដែលគ្មានកីឡាបាល់ទាត់»។
ស្របពេលជាមួយគ្នានេះ លោក Armin Laschet នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ North Rhine-Westphalia ដែលជាទឹកដីរបស់ក្លិប Borussia Dortmund បានបញ្ជាក់ថា ក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ អាចនឹងវិលចូលលេងវិញ «ក្រោមលក្ខខណ្ឌដែលមានមូលដ្ឋានច្បាស់លាស់»។ លោក Laschet បានបន្ថែមទៀតថា ក្របខ័ណ្ឌលីកអាល្លឺម៉ង់ បានបង្ហាញនូវសេចក្តីណែនាំផ្នែកសុវត្ថិភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយលោកគិតថា «យើងនឹងវិលវិញជាមួយនឹងការប្រកួតខ្មោច»៕
ប្រភពព័ត៌មាន៖ Channel News Asia