សហជីពកីឡាករបាល់ទាត់អេស្ប៉ាញហៅកាត់ថា បានបញ្ជាក់ថា កីឡាករជាច្រើនមកពីក្លិបធំៗរបស់ប្រទេសអេស្ប៉ាញ បានសម្តែងនូវការព្រួយបារម្ភអំពីការវិលទៅប្រកួតវិញ ស្របពេលដែលវីរុសកូរ៉ូណា នៅតែបន្តឆ្លង ប៉ុន្តែ ពួកគេកំពុងតែប្រឆាំងនឹងគម្រោងរបស់ក្របខ័ណ្ឌ La Liga ទៅលើការរៀបចំជំរំហ្វឹកហាត់លើទីលានគ្មានអ្នកទស្សនា។
ប្រធានក្រុមមកពីក្លិបចំនួន៤២ ក្នុងក្របខ័ណ្ឌ La Liga និងក្របខ័ណ្ឌលំដាប់ទី២របស់អេស្ប៉ាញ បានរៀបចំកិច្ចប្រជុំតាមរយៈវីដេអូមួយ ជាមួយនឹងសហជីពកីឡាករ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាលើលក្ខខណ្ឌផ្សេងៗសម្រាប់ការវិលទៅប្រកួត។
រាល់សកម្មភាពកីឡាបាល់ទាត់ទាំងអស់ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី១០ ខែមីនា ដោយសារតែការផ្ទុះការរាតត្បាតនៃជំងឺកូរ៉ូណា ក្នុងប្រទេសអេស្ប៉ាញ ដែលមានករណីឆ្លងច្រើនជាង២០ម៉ឺននាក់ ដែលជាករណីច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុប និងមានករណីស្លាប់ដល់ទៅ២១០០០នាក់។
បើទោះបីកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានកំណត់យកសម្រាប់ការវិលទៅហ្វឹកហាត់ ឬប្រកួតវិញក៏ដោយ ប៉ុន្តែ ទាំងក្របខ័ណ្ឌ La Liga និងសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានបញ្ជាក់ថា ពួកគេនឹងព្យាយាមធ្វើឲ្យរដូវកាលនេះ បំពេញជាស្ថាពរ។
ជាមួយគ្នានេះ លោក Javier Tebas ប្រធាន La Liga បានបញ្ជាក់ថា ក្លិបអេស្ប៉ាញ នឹងបាត់បង់ចំណូលប្រមាណជា១ពាន់លានអឺរ៉ូ ប្រសិនបើយុទ្ធនាការនេះមិនអាចបញ្ចប់រដូវកាលរបស់ខ្លួនទេនោះ៕
ប្រភពព័ត៌មាន៖ Channel News Asia