សហព័ន្ធកីឡាបាល់ទាត់ហូឡង់ បានប្រកាសកាលពីថ្ងៃអង្គារពីគោលបំណងរបស់ខ្លួនក្នុងការបញ្ចប់រដូវកាលនេះតែម្តង ដោយរង់ចាំតែធ្វើការពិភាក្សាជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសនេះ បានសម្រេចចិត្តបន្តធ្វើការដាក់បម្រាមទៅលើការប្រមូលផ្តុំដែលមានមនុស្សច្រើន រហូតដល់ខែកញ្ញា ដោយសារតែការរាតត្បាតខ្លាំងរបស់វីរុសកូរ៉ូណា។

ក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបានឲ្យដឹងថា៖ «គណៈកម្មធិការកីឡាបាល់ទាត់ មានបំណងមិនបន្តការប្រកួតក្នុងយុទ្ធនាការឆ្នាំ២០១៩-២០២០ ឡើយ។ សហព័ន្ធ នឹងពិភាក្សាជាមួយនឹង UEFA ក្រោយមក ការសម្រេចចិត្តមួយនឹងត្រូវប្រកាសឡើង»។

ក្លិបនានា និងភាគីពាក់ព័ន្ធទាំងអស់ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីពិភាក្សាទៅលើវិបត្តិនេះ។ នៅសល់ការប្រកួតចំនួន៨ជុំទៀតក្ននុងក្របខ័ណ្ឌ Eredivisie ខណៈដែលក្រុមម្ចាស់ការពារជើងឯក Ajax កំពុងតែឈរពីលើក្រុម AZ Alkmaar ដោយសារតែមានចំនួនគ្រាប់បាល់ច្រើនជាង។

បើយោងទៅតាមសហព័ន្ធកីឡាបាល់ទាត់ហូឡង់ ការប្រកួតនានាដែលលេងក្នុងកីឡដ្ឋានគ្មានអ្នកទស្សនា នឹងមិនប្រព្រឹត្តទៅបានឡើយ ខណៈដែលការប្រកួតទាំងនោះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ ដែលតម្រូវឲ្យមានការសុំការអនុញ្ញាត និងតម្រូវឲ្យមានវត្តមានរបស់ប៉ូលិស។

សេចក្តីប្រកាសដដែលបានបន្ថែមទៀតថា៖ «ការប្រកួតនានានឹងមិនអាចកើតឡើងបានឡើយ នៅមុនថ្ងៃទី១ ខែកញ្ញា»។ ក្របខ័ណ្ឌកំពូល Eredivisie និងក្របខ័ណ្ឌលំដាប់ទី២របស់ហូឡង់ ត្រូវបានផ្អាកតាំងពីថ្ងៃទី១២ ខែមីនា៕

ប្រភពព័ត៌មាន៖ Channel News Asia