រដ្ឋាភិបាលប្រទេសអ៊ីតាលី នៅតែមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការកំណត់កាលបរិច្ឆេទ សម្រាប់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Serie A ដើម្បីឲ្យពួកគេចាប់ផ្តើមហ្វឹកហាត់ម្តងទៀត នៅមុនពេលការប្រកួតក្របខ័ណ្ឌលីកចាប់ផ្តើមឡើងវិញ នៅឡើយទេ។ នេះបើយោងទៅតាមបញ្ជាក់របស់លោក Vincenzo Spadafora រដ្ឋមន្ត្រីកីឡា កាលពីថ្ងៃពុធ។
ក្រោយពីកិច្ចប្រជុំជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី លោក Spadafora បាននិយាយថា ក្របខ័ណ្ឌលីក Serie A និងកីឡាករ ក៏ដូចជាសមាគមអាជ្ញាកណ្តាល បានបញ្ជាក់ថា ការសម្រេចចិត្តមួយនឹងត្រូវធ្វើឡើងនៅរយៈពេល៣ ទៅ៤ថ្ងៃ ខាងមុខនេះ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ទៅលើទីតាំងផ្សេងៗ ដែលបានកើតឡើង ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយពីកិច្ចពិភាក្សាជាមួយនឹងក្រសួងសុខាភិបាល យើងនឹងចេញកាលបរិច្ឆេទជាបណ្តោះអាសន្នទាក់ទងនឹងការវិលទៅប្រកួតវិញ និងនីតវិធីផ្សេងៗសម្រាប់ការចាប់ផ្តើមហ្វឹកហាត់ឡើងវិញ»។
លោក Spadafora បានបន្ថែមទៀតថា «វាពិតជាសំខាន់ណាស់ក្នុងការត្រួតពិនិត្យឲ្យបានម៉ត់ចត់ ទៅលើស្ថានភាពផ្សេងៗដែលទាក់ទងនឹងការវិលទៅហ្វឹកហាត់វិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាព កីឡាករ និងគ្រូបង្វឹករបស់ក្លិបកីឡា»៕
ប្រភពព័ត៌មាន៖ Channel News Asia