ប្រធានកីឡាបាល់ទាត់អ៊ីតាលី បានប្រកាសកាលពីថ្ងៃអង្គារថា ការបញ្ចប់ការប្រកួតក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ នឹងត្រូវលើកពេលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែសីហា ជំនួសវិញ ដើម្បីបញ្ចប់រដូវកាលនេះ ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែវិបត្តិវីរុសកូរ៉ូណា។

លោក Gabriele Gravina ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានបញ្ជាក់ថា សហព័ន្ធ នឹងប្រើប្រាស់ដំណោះស្រាយមួយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខទៀត ដើម្បីពន្យារពេលរដូវកាលកីឡាឆ្នាំ២០១៩-២០២០ រហូតដល់ថ្ងៃទី២ ខែសីហា»។

ព្រឹត្តិការណ៍កីឡាទាំងអស់ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី៩ ខែមីនា ស្របពេលដែលប្រទេសអ៊ីតាលី កំពុងតែដោះស្រាយជាមួយនឹងវិបត្តិវីរុសកូវីដ-១៩ ដែលបានសន្លាប់ប្រជាជនរបស់ខ្លួនច្រើនជាង២៥០០០នាក់។

លោក Gravina បានឲ្យដឹងថា៖ «ពិភពកីឡាបាល់ទាត់កំពុងតែដុតដៃដុតជើងធ្វើការជាពិសេស និងប្រកបដោយការទទួលខុសត្រូវ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយស្ថិរភាព ទៅនឹងវិបត្តិ ដែលបានកើតឡើងដោយសារតែកូវីដ-១៩ ក្នុងនោះរាប់បញ្ចូលទាំង ភាពចាំបាច់ផ្សេងៗ និងសារសំខាន់ក្នុងការធ្វើឲ្យយុទ្ធនាការរដូវកាលឆ្នាំ២០២០-២០២១ មានសុវត្ថិភាពផងដែរ»។

MILAN, ITALY – OCTOBER 06: Cristiano Ronaldo’s goal canceled during the Serie A match between FC Internazionale and Juventus at Stadio Giuseppe Meazza on October 6, 2019 in Milan, Italy. (Photo by Daniele Badolato – Juventus FC/Juventus FC via Getty Images)

ក្លិបទាំង២០របស់ក្របខ័ណ្ឌ Serie A កាលពីថ្ងៃអង្គារ បានបោះឆ្នោតជាឯកច្ឆន្ទដើម្បីយល់ព្រមបំពេញរដូវកាលលីករបស់ខ្លួន ប៉ុន្តែ ការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្លាក់ទៅលើរដ្ឋាភិបាលអ៊ីតាលី។ សហព័ន្ធក៏សង្ឃឹមផងដែរថា ក្លិបទាំងអស់អាចចាប់ផ្តើមហ្វឹកហាត់ចាប់ពីថ្ងៃទី៤ ខែឧសភា ដែលជាថ្ងៃរដ្ឋាភិបាលលុបចោលវិធានការរិតត្បិតផ្សេងៗ៕

ប្រភពព័ត៌មាន៖ Channel News Asia