ក្លិប Chelsea បានបញ្ជាក់ថា ពួកគេនឹងមិនប្រើប្រាស់វិធានការកាត់ប្រាក់ខែលើក្រុមកីឡាករ និងបុគ្គលិករបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតរបស់វីរុសកូរ៉ូណា ឡើយ។
ប៉ុន្តែ ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បានបន្ថែមកាលពីថ្ងៃសៅរ៍ថា ពួកគេបានស្នើឲ្យកីឡាករទាំងអស់ បន្តចូលរួមបរិច្ចាគផ្នែកសប្បុរសធម៌ អំឡុងពេលនៃការរាតត្បាតដែលកំពុងបន្ត។
មានព័ត៌មានចេញផ្សាយថា ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងលិចមួយនេះ កំពុងតែពិភាក្សាជាមួយនឹងកីឡាកររបស់ខ្លួន អំពីការកាត់ប្រាក់ខែប្រមាណជា១០% ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ ក្នុងពេលដែលកីឡាបាល់ទាត់ត្រូវបានផ្អាក ដោយសារតែកូរ៉ូណា។
ប៉ុន្តែ ទោះបីយ៉ាងណា ភាគរយនៃការកាត់នោះ ពិតជាមានចំនួនតិចតួច បើធៀបទៅនឹងការស្នើសុំរបស់ Premier League ដែលតម្រូវឲ្យកាត់ប្រាក់ខែ៣០%សម្រាប់រាល់ក្លិបទាំងអស់។
ប៉ុន្តែ ការស្នើនោះ មិនបានរារាំងក្រុម Chelsea ក្នុងការបន្តធ្វើសកម្មភាពសប្បុរសធម៌ឡើយ ស្របពេលដែលពួកគេបានចូលរួមក្នុងមូលនិធិ PlayersTogether ដែលត្រូវបានបង្កើតឡើងដោយកីឡាកររបស់ Premier League កាលពីដើមខែនេះ ដើម្បីមានបំណងក្នុងការរ៉ៃអង្គាស និងចូលរួមជាវិភាគទាន់សប្បុរធម៌ ដែលគាំទ្រដល់សេវាសុខាភិបាលជាតិរបស់ចក្រភពអង់គ្លេស៕
ប្រភពព័ត៌មាន៖ Channel News Asia