ក្រុមកីឡាករ Arsenal នឹងទទួលបានការអនុញ្ញាតឲ្យវិលទៅហ្វឹកហាត់នៅលើទីលានវិញ ចាប់ពីសប្តាហ៍ក្រោយតទៅ បើទោះបីក្លិបនេះ បានបញ្ជាក់ថា ពួកគេត្រូវតែគោរពតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ក៏ដោយ។

កីឡាកររបស់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ នឹងអាចប្រើប្រាស់ទីលានហ្វឹកហាត់ផ្សេងៗ ប៉ុន្តែ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយពួកគេត្រូវតែអនុវត្តន៍វិធានការគម្លាតក្នុងសង្គម។

អ្នកនាំពាក្យម្នាក់របស់ក្លិប បានឲ្យដឹងថា៖ «សកម្មភាពផ្សេង នឹងត្រូវរិតត្បិត ហើយការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន និងគម្លាតក្នុងសង្គម នឹងត្រូវរក្សាការអនុវត្តគ្រប់ពេលទាំងអស់។ រាល់អគារ Colney ទាំងអស់ នៅតែរក្សាការបិទទ្វារ។

កីឡាករ នឹងត្រូវធ្វើដំណើរតែម្នាក់ឯង ធ្វើលំហាត់ប្រាណតែម្នាក់ឯង និងត្រឡប់ទៅផ្ទះវិញ»។ នៅសប្តាហ៍នេះ Arsenal នឹងក្លាយជាក្រុមស្ថិតក្នុងក្របខ័ណ្ឌដំបូងគេរបស់ Premier League ដែលយល់ព្រមកាត់ប្រាក់ខែកីឡាករ ដោយសារតែវីរុសកូរ៉ូណា ស្របពេលដែលលោកគ្រូបង្វឹក Mikel Arteta និងតារាឆ្នើមៗរបស់លោក ត្រូវទទួលការកាត់ប្រាក់ខែ១២,៥ភាគរយ៕

ប្រភពព័ត៌មាន៖ Channel News Asia