រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកីឡារបស់អាល្លឺម៉ង់ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកគាំទ្រឲ្យចាប់ផ្តើមការប្រកួតកីឡាបាល់ទាត់ក្នុងរដូវកាលនេះ នៅត្រឹមខែនេះ ឡើងវិញ បើទោះបីសមាជិក៣នាក់របស់ក្លិប Cologne ក្នុងក្របខ័ណ្ឌ បានពិនិត្យឃើញជាវិជ្ជាមានទៅវីរុសកូរ៉ូណា ក៏ដោយ។

រយៈពេល៣ថ្ងៃ នៅមុនពេលកិច្ចប្រជុំរបស់អាជ្ញាធរអាល្លឺម៉ង់ដើម្បីពិភាក្សាទៅលើបញ្ហាចាប់តផ្តើមរដូវកាលឡើងវិញ លោក Horst Seehofer បានប្រាប់កាសែត Bild ថា៖ «ខ្ញុំបានឃើញកម្មវិធីប្រកួតដែលត្រូវបានដាក់ស្នើឲ្យផ្អាកការប្រកួតក្របខ័ណ្ឌលីកអាល្លឺម៉ង់ ហើយខ្ញុំគាំទ្រឲ្យមានការចាប់ផ្តើមប្រកួតឡើងវិញនៅខែឧសភា»។

ក្រខ័ណ្ឌលីកកីឡាបាល់ទាត់អាល្លឺម៉ង់ គាំទ្រឲ្យចាប់ផ្តើមប្រកួតឡើងវិញ ដោយគ្មានអ្នកគាំទ្រ នៅពាក់កណ្តាលខែឧសភា ខណៈ Bundesliga នឹងក្លាយជាយុទ្ធនាការក្របខ័ណ្ឌលីកដ៏ធំរបស់អឺរ៉ុបដំបូងគេដែលរៀបចំឡើងនៅខែនេះ។

រដ្ឋមន្ត្រីកីឡាតំណាងឲ្យរដ្ឋចំនួន១៦របស់អាល្លឺម៉ង់ បានអនុម័ត គម្រោងចាប់ផ្តើមឡើងវិញរបស់ក្របខ័ណ្ឌលីកអាល្លឺម៉ង់។ លោក Seehofer ដែលមានតួនាទីដ៏សំខាន់ក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ទាក់ទងនឹងបញ្ហាប្រឈមនេះ បានសង្កត់ធ្ងន់ថា ក្រុម និងកីឡាករទាំងអស់ ត្រូវតែគោរពលក្ខខណ្ឌជាច្រើន។

លោកបានឲ្យដឹងថា៖ «ប្រសិនបើមានករណីកូរ៉ូណានៅក្នុងក្រុម ឬថ្នាក់ដឹកនាំរបស់ខ្លួន ក្លិបទាំងមូល និងក្រុមដែលបានប្រកួតជាមួយនឹងពួកគេចុងក្រោយបំផុត ត្រូវតែនៅដាច់ដោយឡែកពីគេរយៈពេល២សប្តាហ៍»៕

ប្រភពព័ត៌មាន៖ Channel News Asia