ខ្សែបម្រើដ៏មានឥទ្ធិពល Kevin De Bruyne របស់ក្លិប Manchester City ជឿជាក់ថា ការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ នឹងត្រូវបំពេញជាស្ថាពរ បើទោះបីវីរុសកូរ៉ូណាកំពុងតែរាតត្បាតក៏ដោយ ពីព្រោះបញ្ហាហិរញ្ញវត្ថុពិតជាសំខាន់ណាស់។

De Bruyne បានប្រាប់កាសែតប្រចាំថ្ងៃរបស់បែលហ្ស៊ិក Het Laatste Nieuws ថា៖ «អារម្មណ៍របស់ខ្ញុំគឺថា យើងអាចចូលហ្វឹកហាត់ម្តងទៀត ក្នុងរយៈពេល២សប្តាហ៍ទៀត។ រដ្ឋាភិបាលចង់ចាប់ផ្តើមការប្រកួតកីឡាបាល់ទាត់វិញឲ្យបានឆាប់តាមដែលអាច ដើម្បីផ្តល់រីករាយដល់អ្នកគាំទ្រ។

ខ្ញុំគិតថា រដូវកាលនេះ នឹងបំពេញជាស្ថាពរ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ទិដ្ឋភាពហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់ក្របខ័ណ្ឌ Premier League។ ប្រសិនបើរដូវកាលនេះ បញ្ចប់ វានឹងធ្វើឲ្យមានបញ្ហាដ៏ស្មុគស្មាញជាច្រើន»។

ក្លិបទាំងអស់សុទ្ធសឹងបានឃើញពីគម្រោងចាប់ផ្តើមចាប់ផ្តើមដំណើរការលីកឡើងវិញ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ និងត្រូវបានបញ្ជាក់ប្រាប់ថា ការប្រកួតដែល់នៅសល់ចំនួន៩២ប្រកួតទៀតក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ត្រូវតែលេងនៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ។

De Bruyne ក៏បានលើកឡើងផងដែរថា រូបគេពិតជាមានសុទ្ធិដ្ឋិនិយមអំពីការចូលរួមរបស់ Man City ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ UEFA បានដាក់បម្រាមមិនឲ្យក្លិបនេះចូលរួមក្នុងក្របខ័ណ្ឌអឺរ៉ុប សម្រាប់រយៈពេល២ឆ្នាំ ដោយសារតែការប្រព្រឹត្តល្មើសនឹងច្បាប់ការប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុដោយយុត្តិធម៌៕

ប្រភពព័ត៌មាន៖ Channel News Asia