ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានកោះហៅឲ្យវិលត្រឡប់មកពីប្រទេសព័រទុយហ្គាល់វិញ ខណៈដែលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A វិលទៅហ្វឹកហាត់ជាលក្ខខណៈបុគ្គល កាលពីថ្ងៃចន្ទ ក្រោយពីការបិទប្រទេសអស់រយៈពេល២ខែដោយសារតែវីរុសកូរ៉ូណា ប៉ុន្តែភាពមិនច្បាស់នៅតែនៅតែមានជុំវិញការវិលទៅប្រកួតវិញរបស់ក្របខ័ណ្ឌជើងឯកមួយនេះ។

ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃដើម្បីឲ្យកីឡាករវិលទៅកាន់កន្លែងហ្វឹកហាត់របស់ក្លិប ក្នុងរយៈពេល២សប្តាហ៍ នៅមុនពេលការចាប់ផ្តើមរដូវកាលនេះឡើងវិញ បានផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រថា ការប្រកួតនៅរដូវកាលឆ្នាំ២០១៩-២០២០ អាចនឹងត្រូវបានស្រោចស្រង់ឡើងវិញ។

រដ្ឋាភិបាលអ៊ីតាលី កំពុងតែធ្វើការឆ្លើយតប ក្រោយពីតំបន់ផ្សេងៗ ដែលគេចផុតពីការរាតត្បាតខ្លាំងរបស់វីរុសកូរ៉ូណា បានគ្រប់គ្រងស្ថានភាពក្នុងដៃរបស់ពួកគេ និងបានផ្តល់ការអនុញ្ញាតឲ្យក្លិបនានា បើកទីលានហ្វឹកហាត់របស់ខ្លួន សម្រាប់កីឡាករដើម្បីហ្វឹកហាត់ដោយខ្លួនឯង។

ប៉ុន្តែ លោក Vincenzo Spadafora រដ្ឋមន្ត្រីកីឡា បានព្រមានថា បើទោះបីការហ្វឹកហាត់ជាលក្ខខណៈបុគ្គល អាចចាប់ផ្តើមឡើងវិញក៏ដោយ ការហ្វឹកហាត់ជាក្រុមអាចនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី១៨ ខែឧសភា។ ស្របពេលដែលអ៊ីតាលី នៅតែរងនូវការវាយប្រហារខ្លាំងពីវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជិត២៩០០០នាក់ វានៅតែមិនច្បាស់ពីពេលវេលាដែលនឹងត្រូវចាប់ផ្តើមប្រកួតឡើងវិញ៕

ប្រភពព័ត៌មាន៖ Channel News Asia