ក្រុមអ្នកតាក់តែងច្បាប់របស់កីឡាបាល់ទាត់ នៅសប្តាហ៍នេះ នឹងត្រូវប្រកាសពីការពីការផ្លាស់ប្តូរជាបណ្តោះអាសន្នទៅលើច្បាប់ក្នុងកីឡានេះ ដែលនឹងអនុញ្ញាតឲ្យក្រុមនានា ប្តូរកីឡាករបមុ្រងចំនួន៥នាក់ ក្នុង១ប្រកួត នៅពេលដែលបាល់ទាត់ ចាប់ផ្តើមប្រកួតឡើងវិញ ក្រោយពីការពន្យារពេលដោយសារតែវីរុសកូរ៉ូណា។

សំណើដើម្បីជួយដល់ក្រុមនានា ដែលត្រូវប្រឈមមុខនឹងការប្រកួតជាច្រើននេះ ត្រូវបានធ្វើឡើងដោយអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកហៅកថា់ FIFA និងច្បាប់ថ្មីនេះ ត្រូវបានរំពឹងទុកថា នឹងអនុម័តចូលជាធរមានដោយក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (IFAB) នៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ។

កាលពីសប្តាហ៍មុន IFAB បានបញ្ជាក់ថា ខ្លួនកំពុងតែធ្វើការជាមួយនឹង FIFA ទៅលើការធ្វើវិសោធនកម្មច្បាប់ជាបណ្តោះអាសន្នលើមាត្រាទី៣ (ច្បាប់កីឡាករ) ដើម្បីអនុញ្ញាតឲ្យក្រុមផ្សេងៗមានជម្រើសក្នុងការប្រើប្រាស់កីឡាករបម្រុងរហូតដល់ទៅ៥នាក់ តាមរយៈការប្តូរ៣លើក អំឡុងពេលនៃការប្រកួតនីមួយ បូករួមទាំងនៅពាក់កណ្តាលតង់ផងដែរ។

ការកំណត់ពេលនៃការដោះដូរត្រឹមតែ៣លើកសម្រាប់ក្រុមនីមួយៗនេះ នឹងជួយឲ្យកាត់បន្ថយការខាតបង់ពេលវេលាក្នុងពេលប្រកួត។ ការជំនួសកីឡាករបម្រុងចំនួន៦នាក់ ក៏អាចនឹងត្រូវអនុញ្ញាតផងដែរ ក្នុងករណីការប្រកួតឈានដល់នាទីបន្ថែម១៥នាទី២ដង៕

ប្រភពព័ត៌មាន៖ Channel News Asia