ក្របខ័ណ្ឌលីកអាល្លឺម៉ង់ បានបញ្ជាក់កាលពីថ្ងៃពុធថា Bundesliga នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៥ ខែឧសភា ក្រោយពីលោកស្រីអធិការបតី Chancellor Angela និងមុខរដ្ឋនីមួយៗ បានបើកភ្លើងខៀវឲ្យលេងក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនា បន្ទាប់ពីការបិទប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីគ្រប់គ្រងការរាតត្បាតរបស់វីរុសកូរ៉ូណា។

ក្របខ័ណ្ឌលីកកីឡាបាល់ទាត់អាល្លឺម៉ង់ បានបញ្ជាក់ពីថ្ងៃចាប់ផ្តើមរដូវកាលឡើងវិញ ដល់ភ្នាក់ងារបុត្រសម្ព័ន្ធ SID របស់បណ្តាញសារព័ត៌មាន AFP កាលពីរាត្រីនេះ។ ការសម្រេចចិត្តបែបនយោបាយមួយនេះ នឹងធ្វើឲ្យក្របខ័ណ្ឌកីឡាបាល់ទាត់កំពូលរបស់អាល្លឺម៉ង់ ក្លាយជាក្របខ័ណ្ឌដំបូងគេក្នុងចំណោមក្របខ័ណ្ឌលីកដ៏ធំទាំង៥របស់អឺរ៉ុប ដែលវិលទៅប្រកួតនៅលើទីលានវិញ។

លោកស្រី Merkel បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៊ែរឡាំងថា៖ «ការប្រកួតនានា នឹងត្រូវអនុញ្ញាតឲ្យរៀបចំឡើង ក្រោមច្បាប់ដែលត្រូវបានអនុម័ត»។ ក្រុមអ្នកនយោបាយជាន់ខ្ពស់របស់អាល្លឺម៉ង់ បានអនុម័តផែនការមួយ ដើម្បីអនុញ្ញាតឲ្យក្របខ័ណ្ឌ Bundesliga ចាប់ផ្តើមរដូវកាលឡើងវិញ នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា ហើយកីឡាករនឹងត្រូវតែទទួលការធ្វើតេស្តជាទៀងទាត់។

ការអនុញ្ញាតផ្សេងៗ ត្រូវបានផ្តល់ឲ្យក្រោមលក្ខខណ្ឌដែលមានការអនុវត្តតាមសេចក្តីណែនាំយ៉ាងតឹងរ៉ឹង ខណៈដែលការិយាល័យអនាម័យ ត្រូវបានបង្កើតឡើងតាមក្លិបនីមួយៗ ដើម្បីការពារការឆ្លងរបស់វីរុសកូរ៉ូណា៕

ប្រភពព័ត៌មាន៖ Channel News Asia