រដូវកាលកីឡាបាល់ទាត់ព័រទុយហ្គាល់ នឹងត្រូវចាប់ផ្តើមប្រកួតឡើងវិញនៅចុងខែនេះ ខណៈដែលការធ្លាក់ចុះចំនួនអ្នកឆ្លងវីរុសកូរ៉ូណាជាបន្តបន្ទាប់ក្នុងប្រទេសនេះ អាចនឹងអនុញ្ញាតឲ្យក្របខ័ណ្ឌ Primeira Liga វិលទៅប្រកួតវិញលឿនជាងប្រទេសជិតខាងមួយចំនួនក្នុងទ្វីបអឺរ៉ុប។

ប៉ុន្តែ ការបង្ខំឲ្យវិលទៅប្រកួតវិញភ្លាមៗ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីបញ្ហារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ ដែលកំពុងតែកើតឡើងក្នុងកីឡានេះ នៅព័រទុយហ្គាល់ផងដែរ ស្របពេលក្លិបធំៗជាច្រើន ប្រឈមមុខនឹងអនាគតមិនច្បាស់។

ក្រោយពីមានអ្នកស្លាប់ត្រឹមតែជាង១ពាន់នាក់ ពីប្រទេសមួយដែលមានអត្រាប្រជាជន១០លាននាក់ រដ្ឋាភិបាលព័រទុយហ្គាល់ បានផ្តល់ភ្លើងខៀវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឲ្យរៀបចំការប្រកួតដែលនៅសល់ចំនួន១០លើករដូវកាលនេះ ក៏ដូចជាការប្រកួតដណ្តើមពាន Portuguese Cup វគ្គផ្តាច់ព្រ័ត្រ។

ក្រុមកំពុងតែនាំមុខលើតារាងលីក Porto និងគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ខ្លួនគឺ Benfica ដែលដេញតាមពីក្រោយ១ពិន្ទុ បានចាប់ផ្តើមហ្វឹកហាត់ឡើងវិញ កាលពថ្ងៃចន្ទ ប៉ុន្តែ គោរពតាមការណែនាំផ្សេងៗ ជុំវិញការរក្សាគម្លាតក្នុងសង្គម៕

ប្រភពព័ត៌មាន៖ Channel News Asia