កីឡាករ៥នាក់មកពីក្របខ័ណ្ឌលីកកំពូលទាំង២របស់អេស្ប៉ាញ បានទទួលលទ្ធផលតេស្តជាវិជ្ជមានទៅលើវីរុសកូរ៉ូណា។ នេះបើយោងទៅតាមាករប្រកាសរបស់ក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។

កីឡាករក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ និងក្របខ័ណ្ឌ Segunda ត្រូវបានអនុញ្ញាតឲ្យធ្វើការហ្វឹកហាត់ជាលក្ខខណៈបុគ្គល នៅលើទីលានហ្វឹកហាត់ផ្សេងៗ កាលពីសប្តាហ៍មុន។ ការសម្រេចចិត្តនេះ គឺជាការចាប់ផ្តើមដំណើរការនៃការហ្វឹកហាត់ ក្នុងគោលបំណងដើម្បីចាប់ផ្តើមការប្រកួតជាផ្លូវការឡើងវិញនៅពាក់កណ្តាលខែមិថុនា។

ក្របខ័ណ្ឌ La Liga បានបញ្ជាក់ថា ការកំណត់រកកីឡាករដែលបានឆ្លងវីរុស តាមរយៈលទ្ធផលតេស្តជាវិជ្ជមាន គឺជាផ្នែកមួយនៃផែនការនោះ។ កីឡាករទាំង៥នាក់នោះ ដែលមិនត្រូវបានផ្តល់ឈ្មោះជាផ្លូវការនោះ បច្ចុប្បន្ន នឹងត្រូវស្នាក់នៅដាច់ដោយឡែកពីគេនៅផ្ទះរបស់ខ្លួន ហើយនិងត្រូវទទួលការធ្វើតេស្តម្តងទៀត ក្នុងរយៈពេល៣ ទៅ៤ថ្ងៃទៀត។

កីឡាករទាំងនោះ នឹងត្រូវអនុញ្ញាតឲ្យចូលរួមការហ្វឹកហាត់នៅក្លិបរបស់ពួកគេ លុះត្រាតែទទួលលទ្ធផលតេស្តអវិជ្ជមាន២លើកជាប់ៗគ្នា។

La Liga បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងចំណោមក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga Santander និង La Liga SmartBank (Segunda) យើងបានរកឃើញករណីវិជ្ជមានចំនួន៥ករណីលើកីឡាករ ប៉ុន្តែ កីឡាករទាំងអស់ស្ថិតក្នុងសុខភាពជាធម្មតា និងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជំងឺនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia