ប្រភពពីគេហទំព័រ Daily Mirror បានចុះផ្សាយថាៈ ក្លឹបតោខៀវ Chelsea បានកំណត់គោលដៅផ្ទេរយក ខ្សែបម្រើកណ្តាលរបស់ក្លិបញញួរធំ West Ham កីឡាករ Declan rice មកជំនួសតំណែងខ្សែបម្រើ N’Golo Kante ប្រសិនកីឡាករដ៏សំខាន់ រូបនេះចាកចេញពីទឹកដី Stamford Bridge។

Chelsea មិនមានបំណងចង់លក់កីឡាករនាំលេងរូបនេះចេញពីក្លឹបទេ តែក្រុមអធិរាជស Real Madrid បានសម្តែងចំណាប់អារម្មណ៏ ចង់ចុះហត្ថលេខានាំយកអតីតកីឡាករក្លឹប Leicester City ជំនួស Paul Pogba របស់ក្រុម Man.Utd ទៅវិញ។

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស Frank Lampard កំពុងតែពង្រឹងតំបន់ខ្សែបម្រើរបស់ក្រុមឡើងវិញក្រោយពីការចុះហត្ថលេខាកីឡាករ Hakim Ziyech ពីក្រុម Ajax ដែលរូបគេនឹងមកបង្ហាញខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែម្ចាស់ជើងឯក Europa League អាចប្រឈមបាត់បង់កីឡាករអន្តរជាតិបារាំង Kante កំលុងពេលទីផ្សារដោះដូរនិងបើកនៅបញ្ចប់រដូវកាល។

សមាជិកជ័យលាភី World Cup ២០១៨ បានតស៊ូជំនះនិងបញ្ហារបួសក្នុងរដូវកាលនេះហើយ បានបង្ហាញខ្លួនត្រឹមតែ ១៦ ប្រកួតប៉ុណ្ណោះនៅលីកកំពូលអង់គ្លេស Premier League៕

អត្ថបទ៖ Polin
ប្រភព៖ metro