កីឡាកររបស់ក្របខ័ណ្ឌ Premier League នឹងត្រូវអនុវត្តន៍ការធ្វើតេស្តដ៏តឹងរ៉ឹង ប្រសិនបើពួកគេវិលទៅកាន់ហ្វឹកហាត់ ស្របពេលដែលវីរុសកូរ៉ូណា កំពុងតែរាតត្បាត។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានចក្រភពអង់គ្លេស។

បណ្តាញសារព័ត៌មាន BBC បានចេញផ្សាយកាលពីថ្ងៃអង្គារថា ខ្លួនបានឃើញឯកសារចម្លងនៃវិធីសារជាផ្លូវការ ដែលត្រូវបានផ្ញើរទៅឲ្យក្លិបទាំង២០ក្នុងក្របខ័ណ្ឌ Premier League ដែលបានរៀបចំលម្អិតស្តីពីទង់ជាតិនៅជ្រុងទីលាន បាល់ ចំណុចរង្វង់មូលកណ្តាល បង្គោលទី និងសូម្បីតែការលេងនៅលើផ្ទៃដែលគ្មានមេរោគ ក្រោយពីការហ្វឹកហាត់នីមួយ។

វិធានការជាច្រើនផ្សេងទៀតក្នុងគោលការណ៍ណែនាំនេះ រាប់បញ្ចូលទាំងការធ្វើតេស្តជាប្រចាំ២សប្តាហ៍ម្តង និងការសួរសំណួរប្រចាំថ្ងៃនៅមុនពេលហ្វឹកហាត់ និងការត្រួតពិនិត្យសីតុណ្ហភាពក្នុងខ្លួនផងដែរ។

ប្រសិនបើកីឡាករម្នាក់ តេស្តឃើញជាវិជ្ជមាន ទោះបីមាន ឬគ្មានរោគសញ្ញាក៏ដោយ ពួកគេនឹងត្រូវបង្ខំឲ្យនៅដាច់ដោយឡែក សម្រាប់រយៈពេល៧ថ្ងៃ។ រាល់កីឡាករទាំងអស់ នឹងត្រូវធ្វើដំណើរទៅទីលានហ្វឹកហាត់ជាលក្ខខណៈបុគ្គល និងចៀសវាងប្រើប្រាស់មធ្យោបាយសាធារណៈ។

នៅពេលដែលពួកគេទៅដល់ទីលាន ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្តុំនៅតំបន់តែមួយឡើយ ហើយនឹងមិនមានការបម្រើជូនអាហារផ្សេងៗឡើយ។ ការប្រជែងដណ្តើមបាល់ និងការប៉ះពាល់ ក៏ត្រូវហាមឃាត់ផងដែរ ចំពោះការហ្វឹកហាត់ក្នុងជុំទី១៕

ប្រភពព័ត៌មាន៖ Channel News Asia