លោក Julian Nagelsmann បានបញ្ជាក់ថា ក្រុម RB Leipzig កំពុងតែធ្វើការទៅលើការរិតត្បិត លើការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី ដើម្បីអនុវត្តន៍តាមគោលការណ៍ណែនាំស្តីពីអនាម័យដ៏តឹងរ៉ឹង សម្រាប់ការប្រកួតក្របខ័ណ្ឌ Bundesliga ឡើងវិញ នៅចុងសប្តាហ៍នេះ។

ក្រុមកំពុងឈរលេខ៣ Leipzig នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Freiburg នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនាដោយផ្ទាល់ នៅពេលដែលក្របខ័ណ្ឌ Bundesliga វិលទៅប្រកួតវិញនៅថ្ងៃសៅរ៍នេះ ស្របពេលដែលវីរុសកូរ៉ូណា នៅតែរាតត្បាតខ្លាំង ដោយពួកគេកំពុងតែដេញតាមពីក្រោយក្រុម Bayern Munich ៥ពិន្ទុ នៅមុនពេលការប្រកួតនៅចុងសប្តាហ៍នេះ។

ដើម្បីជួយឲ្យក្របខ័ណ្ឌលីកនេះវិលទៅប្រកួតវិញ លីកកីឡាបាល់ទាត់អាល្លឺម៉ង់ហៅកាតថា DFL បានចេញនូវវិធានការអនាម័យដ៏តឹងរ៉ឹង ស្របពេលដែល DFL បានជំរុញឲ្យកីឡាកររក្សាការមិនប៉ះពាល់គ្នា គ្រប់ពេលទាំងអស់ ខណៈដែលពួកគេក៏បានចេញសេចក្តីណែនាំ ពួកគេអាចគោះកែង ឬជើង ដើម្បីអប់អរការគ្រាប់បាល់ ជំនួសកាឱប។

លោក Nagelsmann បានឲ្យដឹងថា៖ “ខ្ញុំមិនមែនជាអ្នកដែលរត់ចូលក្នុងក្រុម ដើម្បីអប់អរឡើយ ប៉ុន្តែ ខ្ញុំចង់ធ្វើការអបអរតែម្នាក់ឯង។ កីឡាករមានភាពច្បាស់លាស់ណាស់ ប៉ុន្តែ យើងត្រូវតែស៊ុតបាល់បញ្ចូលទីជាមុនសិន”។

បន្ទុកដ៏ធំនេះ នឹងធ្លាក់ទៅលើខ្សែប្រយុទ្ធ Timo Werner ដែលបានស៊ុតបាល់បញ្ចូលទី២១គ្រាប់សម្រាប់ក្រុម Leipzig នៅរដូវកាលនេះ ស្របពេលដែលកីឡាករ Marcel Sabitzer និង Patrik Schick ក៏គួរតែចូលលេងផងដែរ ក្រោយពីជាសះស្បើយពីរបួស៕

ប្រភពព័ត៌មាន៖ Channel News Asia