ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានទទួលនូវការជឿជាក់ដ៏ធំមួយចំពោះក្តីសង្ឃឹមរបស់ពួកគេ ក្នុងការបំពេញសកម្មភាពកីឡានៅរដូវកាលនេះ ស្របពេលដែលរដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញផ្សាយផែនទីនាំផ្លូវមួយ ដែលនឹងធ្វើឲ្យកីឡាក្នុងប្រទេសអង់គ្លេស ចាប់ផ្តើមការប្រកួតវិញចាប់ពីថ្ងៃទី១ខែមិថុនា។

ស្របពេលដែលក្លិបទាំង២០របស់ក្របខ័ណ្ឌកំពូលអង់គ្លេស បានជួបប្រជុំគ្នា ដើម្បីពិភាក្សាបន្ថែមទៀតទៅលើ “គម្រោងចាប់ផ្តើមឡើងវិញ” រដ្ឋមន្ត្រីមកពីក្រសួងនានា បានប្រកាសពីផែនការផ្សេងៗ ក្នុងការបន្ធូរបន្ថយការរិតត្បិតផ្សេងៗ។

ក្រោមលក្ខខណ្ឌនៃជំហានទី២ក្នុងដំណាក់កាលនេះ ដែលមិនអាចចាប់ផ្តើមឲ្យបានមុនថ្ងៃទី១ ខែមិថុនា ព្រឹត្តិការណ៍កីឡា នឹងត្រូវអនុញ្ញាតឲ្យប្រកួតនៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ ដោយមានតែការផ្សាយផ្ទាល់ប៉ុណ្ណោះ ដើម្បីចៀសវាងហានិភ័យនៃការប៉ះពាល់ក្នុងសង្គមជាមួយនឹងមនុស្សជាច្រើន។

ព្រឹត្តិការណ៍កីឡានានា នឹងត្រូវអនុញ្ញាតឲ្យរៀបចំឡើង លុះត្រាតែមានវិធានការគ្រប់គ្រាន់ក្នុងការទប់ស្កាតការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណា។ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League កំពុងតែគ្រោងវិលទៅប្រកួតវិញ ពោលគឺមិនហួសថ្ងៃទី៨ ខែមិថុនា ឡើយ៕

ប្រភពព័ត៌មាន៖ Channel News Asia