ខ្សែប្រយុទ្ធ Robert Lewandowski រកបានគ្រាប់បាល់ទី២៦របស់គេ ក្នុងការប្រកួតក្របខ័ណ្ឌលីកនៅរដូវកាលនេះ ខណៈដែលក្រុមកំពុងតែនាំមុខ Bayern Munich បានចាប់ផ្តើមរដូវកាលរបស់ខ្លួនជាថ្មីជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Union Berlin នៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ កាលពីថ្ងៃអាទិត្យ។

Lewandowski បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅតង់ទី១ ហើយខ្សែការពារ Benjamin Pavard បានតែតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតសម្រាប់ក្រុម Bayern ក្នុងទីក្រុងប៊ែរឡាំង ក្រោយពី Bundesliga ក្លាយជាក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបដំបូងគេ កាលពីថ្ងៃសៅរ៍ ដែលចាប់ផ្តើមប្រកួត អំឡុងនៃការរាតត្បាតជាសកលនៃវីរុសកូរ៉ូណា។

តារាឆ្នើមអន្តរជាតិប៉ូឡូញ Lewandowski ដែលបានអវត្តមាន២ប្រកួត ដោយសារតែរបួស នៅមុនពេលក្របខ័ណ្ឌលីកនេះ បានផ្អាកកាលពីពាក់កណ្តាលខែមីនានោះ បានរកគ្រាប់បាល់សរុប៤០គ្រាប់នៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងអស់ ខណៈដែលបានរក្សាការនាំមុខ៤ពិន្ទុដាច់របស់ខ្លួនលើក្រុម Borussia Dortmund។

Dortmund ដែលបានផ្តួលក្រុម Schalke ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Ruhr តែមួយកាលពីថ្ងៃសៅរ៍ នឹងត្រូធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern ក្នុងរយៈពេល១០ថ្ងៃទៀត ខណៈដែលនេះ នឹងក្លាយជាការប្រកួតមួយផ្សេងទៀតដែលត្រូវលេងនៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ ដោយសារតែគោលការណ៍ណែនាំអនាម័យដ៏តឹងរ៉ឹង៕

ប្រភពព័ត៌មាន៖ Channel News Asia