ខ្សែប្រយុទ្ធ Thomas Mueller រំពឹងទុកថា ការប្រកួតដ៏រំភើបនៅកីឡដ្ឋានដែលគ្មានអ្នកទស្សនារបស់ក្រុម Bayern Munich នៅលើទឹកដីក្រុមខ្លាំង Borussia Dortmund ក្នុងរយៈពេល១សប្តាហ៍ទៀត នឹងកាត់សេចក្តីថា ក្រុមណានឹងឈ្នះបានក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Robert Lewandowski និង Benjamin Pavard បានជួយឲ្យក្រុម Bayern Munich ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Union Berlin កាលពីថ្ងៃអាទិត្យ ខណៈដែលក្របខ័ណ្ឌលីករបស់អាល្លឺម៉ង់ បានចាប់ផ្តើមដំណើរការឡើងវិញនៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា។

លទ្ធផលក្នុងទីក្រុងប៊ែរឡាំង បានជួយឲ្យក្រុម Bayern រក្សាការនាំមុខ៤ពិន្ទុដាច់នៅលើកំពូលតារាង ក្រោយពីក្របខ័ណ្ឌលីកនេះបានផ្អាកដំណើរការអស់រយៈពេល២ខែ ដោយសារតែការរាតត្បាតរបស់វីរុសកូវីដ-១៩។

ក្រុមឈរលេខ២ Dortmund បានផ្តួលក្រុម Schalke យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ខណៈដែលកីឡាករ Erling Braut Haaland ជាអ្នករកបានគ្រាប់បាល់បើកឆាក នៅមុនពេល Raphael Guerreiro បានស៊ុតបាល់បញ្ចូលទី នៅចន្លោះគ្រាប់បាល់របស់ Thorgan Hazard។

ក្រុម Dortmund នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern នៅថ្ងៃទី២៦ ខែឧសភា ហើយ Mueller ការប្រកួតរវាងក្រុមកំពូលតារាងដូចគ្នានេះ នឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការកាត់សេចក្តីថា Bayern នឹងឈ្នះពានលីកជាលើកទី៨ជាប់ៗគ្នា ឬយ៉ាងណា។

Mueller បានឲ្យដឹងថា៖ «ការប្រកួតនៅលើទឹកដីក្រុម Dortmund នឹងកាត់សេចក្តីពីភាពរំភើបក្នុងកម្រិតណា ហើយពិតណាស់ វានឹងកាត់សេចក្តីក្នុងការប្រកួតលីកនៅរដូវកាលនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia