ក្របខ័ណ្ឌលីកកីឡាបាល់ទាត់អាជីពរបស់ស្កុតឡេន បានចេញសេចក្តីប្រកាសមួយថា Celtic ត្រូវបានប្រកាសថា ជាម្ចាស់ជើងឯករបស់ស្កុតឡេន ក្រោយពីក្លិបនានាបានបោះឆ្នោតកាលពីថ្ងៃចន្ទ ដើម្បីបញ្ចប់រដូវកាលនេះមុនពេលកំណត់ ដោយសារតែការរាតត្បាតជាសកលរបស់វីរុសកូវីដ-១៩។

ក្របខ័ណ្ឌលីកនេះ បានឲ្យដឹងថា៖ «ក្របខ័ណ្ឌលីកបាល់ទាត់អាជីពស្កុតឡេន សូមប្រកាសនៅថ្ងៃនេះថា ក្រុមប្រឹក្សារបស់ក្របខ័ណ្ឌលីកនេះ បានសម្រេចចិត្តថា រដូវកាល Ladbrokes Premiership ឆ្នាំ២០១៩-២០២០ បានបញ្ចប់ហើយ ក្រោយពីការពិភាក្សាជាមួយនឹងក្លិបកំពូលៗទាំង១២»។

ក្របខ័ណ្ឌលីកដដែលបានបញ្ជាក់ថា៖ «ការសម្រេចចិត្តនេះមានន័យថា Celtic គឺជាម្ចាស់ជើងឯករដូវកាលឆ្នាំ២០១៩-២០២០ ហើយក្លិប Hearts ត្រូវបានកាត់ចេញទៅកាន់ក្របខ័ណ្ឌ Ladbrokes Championship»។ ក្របខ័ណ្ឌកីឡាបាល់ទាត់កំពូលរបស់ស្កុតឡេន ត្រូវបាផ្អាកកាលពីខែមីនា ដោយសារតែការផ្ទុះវីរុសកូរ៉ូណា។

លោក Murdoch MacLennan ប្រធានក្របខ័ណ្ឌលីកកីឡាបាល់ទាត់អាជីពស្កុតឡេន បានបន្ថែមទៀតថា៖ «យើងពិតជាចង់ឃើញការប្រកួតលីកនៅរដូវកាលនេះ នៅលើទីលាន ក្នុងកីឡដ្ឋាន និងនៅពីមុខអ្នកគាំទ្ររបស់យើងច្រើនជាង»៕

ប្រភពព័ត៌មាន៖ Channel News Asia