មន្ត្រីនយោបាយជាន់ខ្ពស់ម្នាក់របស់អាល្លឺម៉ង់ រំពឹងទុកថា ក្របខ័ណ្ឌ Bundesliga នឹង «រឹតបន្តឹង» ការណែនាំផ្សេងៗទៅលើរបៀបក្នុងការអបអរការរកគ្រាប់បាល់ ក្រោយពីកីឡាករមួយចំនួនបានឱបគ្នា ដែលល្មើសនឹងវិធីសារអនាម័យដ៏តឹងរ៉ឹង នៅពេលដែលការប្រកួតលីក បានចាប់ផ្តើមឡើងវិញកាលពីចុងសប្តាហ៍។

រដូវកាលបាល់ទាត់អាល្លឺម៉ង់ បានចាប់ផ្តើមប្រកួតឡើងវិញ កាលពីថ្ងៃសៅរ៍ ក្រោយពីការផ្អាករយៈពេល២ខែ ដោយសារតែការរាតត្បាតជាសកលរបស់វីរុសកូរ៉ូណា ស្របពេលដែលក្លិបនានា បានយល់ព្រមគោរពតាមគោលការណ៍ណែនាំអនាម័យ ក្នុងគម្រោងមួយដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាល។

លោក Markus Soeder នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Bavaria បានប្រាប់ទូរទស្សន៍ Sprot1 កាលពីថ្ងៃអាទិត្យថា៖ «កីឡាបាល់ទាត់មានមុខងារដ៏អស្ចារ្យដើម្បីដើរតួនាទីជាគំរូ ហេតុនេះ យើងគួរតែរឹតបន្តឹងគោលការណ៍ណែនាំរបស់យើង និងការយកចិត្តទុកដាក់ខ្ពស់ចាប់ពីសប្តាហ៍ក្រោយទៅ»។

Bundesliga គឺជាក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបដំបូងគេ ដែលចាប់ផ្តើមប្រកួតឡើងវិញ អំឡុងពេលនៃការផ្ទុះវីរុសកូវីដ-១៩។ កីឡាករទាំងអស់ត្រូវបានប្រាប់ឲ្យចៀសវាងការប៉ះពាល់គ្នាតាមដែលអាច ជាពិសេសនៅពេលអបអរការរកគ្រាប់បាល់បញ្ចូលទី ប៉ុន្តែ ការណែនាំនេះមិនត្រូវបានអនុវត្តតាមទាំងស្រុងឡើយ។

កីឡាករ Marko Grujic របស់ក្លិប Hertha Berlin ត្រូវបានថើបថ្ពាល់ដោយមិត្តរួមក្រុម Dedryck Boyata កាលពីថ្ងៃសៅរ៍ ក្រោយពីក្រុមខ្លួនបាននាំមុខ ៣-០ លើក្រុម Hoffenheim៕

ប្រភពព័ត៌មាន៖ Channel News Asia