ម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ៥សម័យកាល Cristiano Ronaldo បានចូលរួមជាមួយនឹងក្លិប Juventus របស់ក្របខ័ណ្ឌ Serie A ជាថ្មី សម្រាប់ការហ្វឹកហាត់កាលពីថ្ងៃអង្គារ ក្រោយពីការអវត្តមានអស់រយៈពេល៧២ថ្ងៃ ក្នុងនោះរាប់បញ្ចូលទាំងការនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ត្រូវបានគេថតជាប់ក្នុងពេលធ្វើដំណើរទៅដល់ទីលានហ្វឹកហាត់ Continassa របស់ក្លិបយក្ស Juventus ដោយបើករថយន្តពណ៌ខ្មៅ និងបានទទួលការត្រួតពិនិត្យសុខភាព នៅមុនពេលចូលរួមជាមួយនឹងលោកគ្រូបង្វឹក Maurizio Sarri និងមិត្តរួមក្រុមរបស់គេ។

Ronaldo បានធ្វើដំណើរទៅកាន់ទីក្រុងកំណើតរបស់គេនៅ Madeira ក្រោយពីក្លិប Juventus បានផ្តួលក្រុម AC Milan ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា កាលពីថ្ងៃទី៨ ខែមីនា ដែលជាការប្រកួតចុងក្រោយរបស់ពួកគេ នៅមុនពេលក្របខ័ណ្ឌ Serie A បានផ្អាកសកម្មភាពប្រកួត ដោយសារតែការផ្ទុះការរាតត្បាតរបស់វីរុសកូរ៉ូណា។

រូបគេបានវិលទៅកាន់ទីក្រុង Turin វិញ តាមរយៈការជិះយន្តហោះឯកជន កាលពីដើមខែនេះ ប៉ុន្តែ បន្ទាប់មក ត្រូវតែចំណាយពេល២សប្តាហ៍នៅក្នុងផ្ទះរបស់គេ ក្រោមច្បាប់ការដាក់ឲ្យនៅដាច់ដោយឡែក របស់អ៊ីតាលី។ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A បានវិលទៅហ្វឹកហាត់វិញកាលពីថ្ងៃទី៤ ខែឧសភា ប៉ុន្តែ ត្រូវបានរិតត្បិតឲ្យហ្វឹកហាត់ជាក្រុមតូចៗ និងត្រូវតែគោរពតាមគោលការណ៍ណែនាំគម្លាតក្នុងសង្គម៕

ប្រភពព័ត៌មាន៖ Channel News Asia