លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool ជឿជាក់ថា ក្រុមកំពុងតែនាំមុខដាច់របស់លោក នឹងអាចសម្របខ្លួន ដោយមិនចាំបាច់មានជំនួយពីក្រោយខ្នង ពីសំណាក់អ្នកគាំទ្ររបស់ពួកគេនៅកីឡដ្ឋាន Anfield ប្រសិនបើក្របខ័ណ្ឌ Premier League នៅរដូវកាលនេះចាប់ផ្តើមប្រកួតឡើងវិញ។

កីឡាករទាំងអស់ក្នុងក្របខ័ណ្ឌកំពូល នឹងត្រូវវិលទៅហ្វឹកហាត់វិញនៅសប្តាហ៍នេះក្រោយពីកិច្ចប្រជុំមួយរបស់ក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ បានអនុម័តឲ្យដំណើរការដំណាក់កាលទី១នៃវិធីសារក្នុងការវិលទៅប្រកួតវិញ។

ប្រសិនបើការប្រកួតផ្សេងៗពិតជាប្រព្រឹត្តទៅម្តងទៀតក្នុងរដូវកាលនេះមែន ពួកគេនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រ និងអាចលេងនៅកីឡដ្ឋានអព្យាក្រឹត។ Liverpool កំពុងតែនាំមុខ២៥ពិន្ទុដាច់នៅលើកំពូលតារាង នៅពេលដែលវីរុសកូរ៉ូណា បានធ្វើឲ្យរដូវកាលនេះ ត្រូវផ្អាក កាលពីខែមីនា។

បច្ចុប្បន្ន ពួកគេត្រូវការជ័យជម្នះត្រឹមតែ២លើកទៀតប៉ុណ្ណោះ ដើម្បីឈ្នះពានអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ ហើយលោកគ្រូបង្វឹក Klopp សញ្ជាតិអាល្លឺម៉ង់ ជឿជាក់ថា កីឡាកររបស់លោកអាចបង្កើតជំនឿចិត្តដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកគាំទ្រ ក្រោយពីបានទស្សនាការប្រកួតក្របខ័ណ្ឌ Bundesliga កាលពីចុងសប្តាហ៍ថ្មីៗ ដោយគ្មានអ្នកគាំទ្រក្នុងការប្រកួតទាំងអស់៕

ប្រភពព័ត៌មាន៖ Channel News Asia