បណ្តឹងឧទ្ធរណ៍របស់ក្លិប Manchester City ប្រឆាំងនឹងបម្រាមរយៈពេល២រដូវកាល ពីយុទ្ធនាការកម្រិតក្លិបរបស់ UEFA នឹងត្រូវបើកសវនាការដោយតុលាការអាជ្ញាកណ្តាលកីឡា ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែមិថុនា។ នេះបើយោងទៅតាមការប្រកាសរបស់តុលាការស្វ៊ីស កាលពីថ្ងៃអង្គារ។

ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តល្មើសមានស្ថានទម្ងន់ទោសទៅលើច្បាប់ប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ UEFA តាមរយៈការបន្ថែមរបាយការណ៍ប្រាក់ចំណេញពីការឧបត្ថម្ភ ក្នុងបញ្ជីគណនីរបស់ខ្លួន នៅចន្លោះឆ្នាំ២០១២ និង២០១៦។

Man City បានច្រានចោលការចោទប្រកាន់ផ្សេងៗ តាមរយៈការបញ្ជាក់ថា ការចោទប្រកាន់ទាំងនោះ «មិនមែនជារឿងពិតប្រាកដឡើយ»។ សវនាការនឹងត្រូវដំណើរការរយៈពេល៣ថ្ងៃ និងមិនបើកចំហរសម្រាប់សាធារណៈជនឡើយ។

អង្គភាពតុលារអាជ្ញាកណ្តាលកីឡា បានបញ្ជាក់ថា «សវនាការមួយចំនួន អាចនឹងត្រូវរៀបចំឡើងតាមរយៈការសន្នីសីទជាវីដេអូ» ដោយសារតែការរិតត្បិតទៅលើការធ្វើដំណើរ ក្នុងគោលបំណងការពារការរាតត្បាតរបស់វីរុសកូរ៉ូណា។

នីតិវិធីរបស់តុលាការអាជ្ញាកណ្តាល ពាក់ព័ន្ធនឹងការដោះដូរលិខិតដែលត្រូវសរសេរជាលាយលក្ខណ៍អក្សររវាងភាគីនានា ស្របពេលដែលក្រុមវិនិច្ឆ័យរបស់តុលារអាជ្ញាកណ្តាលកីឡា នឹងត្រូវកោះហៅឲ្យបើកសវនាការពាក្យបណ្តឹងឧទ្ធរណ៍នេះ៕

ប្រភពព័ត៌មាន៖ Channel News Asia