ការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម Liverpool ជាមួយនឹងក្រុម Atletico Madrid ដំណើរការជាធម្មតា អាចបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤១នាក់ ដោយសារតែវីរុសកូរ៉ូណា។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត Sunday Times។

ក្រុមរបស់លោក Jurgen Klopp បានជួបប្រកួតជាមួយនឹងក្រុមយក្សរបស់អេស្ប៉ាញ ក្នុងការប្រកួតជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ នាកីឡដ្ឋាន Anfield កាលពីថ្ងៃទី១១ ខែមីនា នៅពីមុខអ្នកគាំទ្រចំនួន៥២០០០នាក់ ខណៈដែលអ្នកគាំទ្ររបស់ក្រុមភ្ញៀវចំនួន៣០០០នាក់ ក៏បានចូលរួមទស្សនាផងដែរ។

ការប្រកួតនេះ បានក្លាយជាការប្រកួតកីឡាបាល់ទាត់ដ៏សំខាន់ដែលបានលេងនៅអង់គ្លេស នៅមុនពេលការបិទប្រទេសដោយសារតែវីរុសកូរ៉ូណា។ បើយោងទៅតាមកាសែត Sunday Times មណ្ឌលសុខភាព Edge ដែលធ្វើការវិភាគទិន្នន័យពីសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានប៉ាន់ប្រមាណថា ការប្រកួតនេះ ជាប់ទាក់ទងនឹងការសម្លាប់ចំមួន៤១នាក់បន្ថែមទៀត ក្បែរមន្ទីរនានា ក្នុងចន្លោះ២៥ ទៅ៣៥ថ្ងៃក្រោយមក។

សាកលវិទ្យាលយ Imperial College London និង Oxford បានប៉ាន់ប្រមាណថា អេស្ប៉ាញ មានករណីវិជ្ជមានប្រមាណជា៦៤០០០០នាក់ ក្នុងពេលដែលការប្រកួតនេះ បានដំណើរការ ខណៈដែលចក្រភពអង់គ្លេសមានករណីឆ្លងត្រឹមតែ១០០០០០នាក់ប៉ុណ្ណោះ ក្នុងដំណាក់កាលដូចគ្នានេះ៕

ប្រភពព័ត៌មាន៖ Channel News Asia