លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយកាលពីថ្ងៃអង្គារថា លោកជឿជាក់ថា ខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Marcus Rashford នឹងរឹងមាំទាន់ពេល ប្រសិនបើក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ចាប់ផ្តើមប្រកួតជាថ្មី នៅខែក្រោយនេះ។

Pogba បានអវត្តមានក្នុងការប្រកួតជាច្រើននៅរដូវកាលនេះ ដោយសារតែរបួសកជើង ស្របពេលដែល Rashford ទំនងដូចជាត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលទៅហើយ នៅពេលដែលរូបគេបានបាក់ឆ្អឹងតូចមួយ នៅខ្នងរបស់គេ កាលពីខែមករា។

Man United បានវិលទៅហ្វឹកហាត់ជាក្រុមតូចៗវិញកាលពីសប្តាហ៍មុន ហើយការត្រៀមលក្ខខណៈនានា ត្រូវបានរំពឹងទុកថា នឹងកាន់តែក្តៅគគុកជាងមុន ដើម្បីវិលទៅប្រកួតវិញ នៅពេលដែលក្លិបរបស់ Premier League បោះឆ្នោតទៅលើការចាប់ផ្តើមការហ្វឹកហាត់ដែលអាចប៉ះពាល់គ្នាបាន នៅថ្ងៃពុធនេះ។

លោក Solskjaer បានឲ្យដឹងថា៖ «ជាការរំពឹងទុក ពេលនេះ យើងបានបង្ហាញថា យើងអាចធ្វើដោយសុវត្ថិភាព ហើយយើងអាចរំកិលទៅកាន់ជំហានបន្ទាប់។ វាបានក្លាយជាការរីករាយម្តងទៀតនៅលើទីលានហ្វឹកហាត់។

Pogba និង Rashford កំពុងតែបង្ហាញពីការវិវឌ្ឍយ៉ាងល្អ ដោយពួកគេបានចូលរួមការហ្វឹកហាត់នៅពេលនេះ ហើយពួកគេបានអនុវត្តរាល់ការហ្វឹកហាត់ដូចដែលកីឡាករផ្សេងបានធ្វើ»៕

ប្រភពព័ត៌មាន៖ Channel News Asia