ក្រុម Bayern Munich បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់ការឈ្នះពានអាល្លឺម៉ង់ Bundesliga កាលពីថ្ងៃអង្គារ ខណៈដែលខ្សែការពារ Joshua Kimmich បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុមកំពុងតែដេញតាមយ៉ាងប្រកៀករបស់ពួកគេ Borussia Dortmund ដើម្បីនាំមុខ៧ពិន្ទុដាច់លើកំពូលតារាង ខណៈដែលនៅសល់ការប្រកួត៦លើក។

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Kimmich បានកើតឡើង នៅមុនពេលបញ្ចប់តង់ទី១ ក្នុងការប្រកួតនេះ ដែលលេងនៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា Signal Iduna Park ស្របពេលដែលក្រុម Dortmund បានបាត់បង់ឱកាសក្នុងការធ្វើឲ្យការប្រជែងដណ្តើមពានកាន់តែមានភាពស្វិតស្វាញ ទោះបីគ្មានអ្នកគាំទ្រក៏ដោយ។

Bayern ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-០ រួចជាស្រេច នៅពេលដែលក្រុមទាំង២ បានជួបគ្នានៅក្នុងទីក្រុង Munich កាលពីខែវិច្ឆិកា ហើយពួកគេបានរក្សាកំណត់ត្រាដ៏ល្អរបស់ខ្លួននៅលើទឹកដីក្រុម Dortmund បើទោះបីការប្រកួតមានភាពស្វិតស្វាញជាងក៏ដោយ។

ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland របស់ Dortmund ដែលបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ ក្នុងការប្រកួត១០លើកចុងក្រោយក្នុងលីក មិនអាចបង្កើតឲ្យមានការភ្ញាក់ផ្អើល នៅពេលប៉ះខ្សែការពារដ៏រឹងមាំរបស់ក្រុម Bayern ឡើយ នៅមុនពេលប្តូរចេញដោយសារតែរបួស នៅតង់ទី២៕