លោក Jurgen Klopp បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា វាជាការផ្តល់នូវការជឿជាក់ដ៏ធំមួយក្នុងការឃើញក្រុម Liverpool វិលទៅហ្វឹកហាត់រួមគ្នាវិញ ខណៈដែលពួកគេត្រៀមវិលទៅប្រកួតក្នុងក្របខ័ណ្ឌ Premier League។

ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នឹងត្រូវចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា ហើយក្រុមទាំងអស់ អាចវិលទៅហ្វឹកហាត់ជាក្រុមវិញបាន ក្រោយពីការនៅដាច់ដោយឡែក អស់រយៈពេលជាច្រើនសប្តាហ៍ ដោយសារតែវីរុសកូរ៉ូណា។

នេះគឺជាពេលវេលាដ៏ពិសេសមួយសម្រាប់លោក Klopp គ្រូបង្វឹករបស់ក្រុម Liverpool ដែលត្រូវការឈ្នះត្រឹមតែ២លើកទៀតប៉ុណ្ណោះ ដើម្បីលើកពានក្របខ័ណ្ឌ Premier League នៅពេលដែលរដូវកាលនេះ ត្រូវបានផ្អាក ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា កាលពីខែមីនា។

លោក Klopp បានប្រាប់គេហទំព័រ Liverpool ថា៖ «យើងមិនធ្លាប់បានផ្អាកការប្រកួតកីឡាបាល់ទាត់អស់រយៈពេល៩សប្តាហ៍ឡើយ ចាប់តាំងពីលេងបានចាប់ផ្តើមលេងបាល់ទាត់ ដែលជារយៈពេលដ៏យូរអង្វែង។

នោះគឺជារឿងខុសប្លែក ប៉ុន្តែ ក៏ផ្តល់នូវការចាប់អារម្មណ៍ផងដែរ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងរីករាយនឹងស្ថានភាពនេះ។ នោះគឺជារឿងដ៏ល្អ។ វាបង្កើតឲ្យមានការប្រែប្រួលសម្រាប់យើង ក្នុងការវិលមកជួបគ្នាវិញ និងហ្វឹកហាត់ជាមួយគ្នា»៕

ប្រភពព័ត៌មាន៖ Channel News Asia