លោក Jurgen Klopp រំពឹងទុកថា ក្រុម Liverpool នឹងត្រូវជួបការប្រជែងដ៏តានតឹង សម្រាប់ពានក្របខ័ណ្ឌ Premier League ពីក្រុម Manchester City, Manchester United និង Chelsea នៅរដូវកាលក្រោយ។

ក្រុមរបស់លោក Klopp បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលរបស់អង់គ្លេសកាលពីសប្តាហ៍មុន ក្រោយពីបានឈ្នះពានលីកជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៣០ឆ្នាំ។ ពួកគេបានលើកពាននេះ ខណៈដែលនៅសល់ការប្រកួត៧លើកទៀត ក្រោយពីបាននាំមុខ២៣ពិន្ទុដាច់ នៅលើក្រុមលេខ២ Man City នៅមុនពេលក្រុមទាំង២ជួបគ្នានៅរាត្រីនេះ។

Man City បានបង្កើតកំណត់ត្រាមួយក្នុងក្របខ័ណ្ឌ Premier League តាមរយៈការរកបាន១០០ពិន្ទុ នៅពេលដែលពួកគេបានឈ្នះពានកាលពី២ឆ្នាំមុន ស្របពេលដែលក្រុមរបស់លោក Pep Guardiola បានឡើងឈរពីលើ Liverpool ដើម្បីលើកពាននៅថ្ងៃចុងក្រោយនៃរដូវកាលមុន។

ស្របពេលដែលលោក Klopp រៀបចំក្រុមរបស់ខ្លួនដើម្បីទៅជួបក្រុម Man City នាកីឡដ្ឋាន Etihad គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា លទ្ធផលពីការជួបគ្នាកាលពីពេលថ្មីៗនេះ នឹងមិនផ្តល់សញ្ញាអ្វីឡើយសម្រាប់រដូវកាលក្រោយ។

លោក Klopp បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា៖ «អ្វីដែលគ្រប់គ្នានិយាយ វានឹងមិនមានសារសំខាន់ឡើយសម្រាប់រដូវកាលក្រោយ ពីព្រោះពិតណាស់ យើង (Liverpool និង Man City) សុទ្ធសឹងត្រៀមខ្លួនរួចរាល់ដូចគ្នា»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia