ក្លិប Manchester United បានបន្តកិច្ចសន្យាខ្ចីជើងរបស់ខ្សែប្រយុទ្ធ Odion Ighalo រហូតដល់ខែមករា ឆ្នាំ២០២១ កាលពីថ្ងៃចន្ទ ដើម្បីធានាថា តារាឆ្នើមអន្តរជាតិនីហ្សេរីយ៉ារូបនេះ អាចនឹងបញ្ចប់រដូវកាលឆ្នាំ ២០១៩-២០២០ ជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។

ពេលវេលាខ្ចីជើងរបស់ Ighalo កាលពីដើម ពីក្លិប Shanghai Shenhua បានផុតកំណត់កាលពីចុងខែឧសភា ប៉ុន្តែ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ត្រូវបានផ្តល់ឱកាសឲ្យវិលទៅចូលរួមជាថ្មី ក្រោយពីបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងការបង្ហាញខ្លួន៨លើក សម្រាប់ក្លិប Man United នៅមុនកីឡាបាល់ទាត់ ត្រូវបាផ្អាក ដោយសារតែការរាតត្បាតពីវីរុសកូរ៉ូណា កាលពីខែមីនា។

Man United បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Manchester United បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Shanghai Greenland Shenhua ដើម្បីបន្តកិច្ចសន្យាខ្ចីជើងសម្រាប់ Odion Ighalo។

បច្ចុប្បន្ន រូបគេនៅតែស្ថិតជាមួយនឹងក្រុមបិសាចក្រហម រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដើម្បីអនុញ្ញាតឲ្យរូបគេបន្តបង្កើតការចាប់អារម្មណ៍បន្ថែមទៀតជាមួយនឹងក្លិបនេះ ដែលរូបគេបានគាំទ្រតាំងពីកុមារភាព»។ ក្របខ័ណ្ឌ Premier League នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា ហើយ Man United នឹងត្រូវធ្វើការប្រកួត១២លើក ក្នុងរយៈពេល១ខែ ប្រសិនបើពួកគេឈានទៅវគ្គបន្តនៃពាន FA Cup៕

ប្រភពព័ត៌មាន៖ Channel News Asia