Real Madrid បានច្រានចោលឱកាសចុះហត្ថលេខាផ្ទេរយកខ្សែបម្រើស្លាប Willian ពីក្រុមតោខៀវ Chelsea បន្ទាប់ពីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ខកខានក្នុងការយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមម្ចាស់ជើងឯក Europa League ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ៣១ឆ្នាំរូបនេះ និង អស់សុពលភាពនៅពេលបញ្ចប់រដូវកាល ២០១៩-២០២០ នេះ។

ប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយថា លោក Zinedine Zidane ដែលធ្លាប់កោតសរសើរសមត្ថភាពរបស់ Willian មិនមានចេតនាចង់ផ្ទេរយក រូបគេមកកាន់ទឹកដីអេស្បាញក៏ព្រោះតែមូលហេតុកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុដោយសាមេរោគកូវិត-១៩ និង កំពុងផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយការចំណាយរបស់ពួកគេជាចម្បងមុនពេលលីគកំពូលអេស្បាញនិងបើកដំណើរការវិញនៅសប្តាហ៏ក្រោយ។

យ៉ាងណាមិញក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏រួមគ្នាគឺ Tottenham និង Arsenal នៅតែមានពត៌មានចុះផ្សាយថាក្លឹបទាំងពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាអតីតកីឡាករ Shakhtar Donetsk មករួមក្រុមរបស់ពួកគេផងដែរ៕

អត្ថបទ៖ Polin
ប្រភព៖ sportsmole