ក្លិបបាល់ទាត់នានារបស់បារាំង បានអំពាវនាវឲ្យអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួត ក្នុងពេលចាប់ផ្តើមរដូវកាលក្រោយ និងជំរុញឲ្យរដ្ឋាភិបាលប្រទេសនេះ ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ក្រោយពីការបញ្ចប់រដូវកាលមុន ដោយសារតែការរាតត្បាតរបស់វីរុសកូវីដ-១៩។

រដូវកាលនេះ ត្រូវបានប្រកាសបញ្ចប់មុនគេ ដោយនៅសល់ការប្រកួតចំនួន១០ទៀត កាលពីចុងខែមេសា ក្រោយពីលោកនាយករដ្ឋមន្ត្រី Edouard Philippe បានប្រកាសថា មិនអាចចាប់ផ្តើមប្រកួតឡើងវិញឡើយ។

ក្លិប Paris Saint-Germain ត្រូវបានប្រកាសថា ជាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1។ ស្របពេលដែលប្រទេសជិតខាង បានចាប់ផ្តើម ឬកំណត់ពេលក្នុងការវិលទៅប្រកួតវិញក្នុងពេលឆាប់ៗ ភាគីពាក់ព័ន្ធជាច្រើនក្នុងកីឡាបាល់ទាត់បារាំង បានរិះគន់ការសម្រេចចិត្តក្នុងការបញ្ចប់រដូវកាលនេះ មុនពេលបញ្ចប់ចំនួនប្រកួត ដោយមិនរង់ចាំឲ្យវិបត្តិសុខភាព មានភាពធូរស្រាល។

បារាំង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះបំផុត ហើយការរិតត្បិតយ៉ាងតឹងរ៉ឹង ត្រូវបានបន្ធូរបន្ថយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុង្រោយនេះ។ ក្លិបនានា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា៖ «យើងមិនសម្លឹងមើលកញ្ចក់ដើម្បីឆ្លុះពីកន្ទុយខ្លួនឯងឡើយ ប៉ុន្តែ យើងពេញចិត្តក្នុងការសម្លឹងឆ្ពោះទៅមុខជាង»៕

ប្រភពព័ត៌មាន៖ Channel News Asia