លោក Quique Setien បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Lionel Messi មិនមានបញ្ហាអ្វីឡើយ ខណៈដែលគ្រូបង្វឹករបស់ក្លិប Barcelona បានសង្កត់ធ្ងន់ថា លក្ខខណ្ឌនៃភាពរឹងមាំរបស់តារាឆ្នើមរូបនេះ កំពុងតែស្ថិតក្នុងភាពល្អប្រសើរ។

Messi បានហ្វឹកហាត់ដាច់ដោយឡែកពីគេ ក្រោយពីក្លិប Barcelona បានបញ្ជាក់ថា ប្រធានក្រុមរបស់ខ្លួន បានរងរបួស នៅមុនពេលការចាប់ផ្តើមប្រកួតឡើងវិញរបស់ក្របខ័ណ្ឌ La Liga នៅថ្ងៃទី១១ ខែមិថុនា ក្រោយពីការផ្អាកដោយសារតែការរាតត្បាតរបស់វីរុរសកូរ៉ូណា។

នៅពេលដែលត្រូវបានចោទសួរថា Messi នឹងចូលលេងនៅចុងសប្តា៍ក្រោយ ឬយ៉ាងណា លោក Setien បានប្រាប់ទូរទស្សន៍ Movistar កាលពីថ្ងៃអាទិត្យថា៖ «Messi មិនមែនជាកីឡាករតែម្នាក់ ដែលមិនបានហ្វឹកហាត់ និងមានអារម្មណ៍មិនស្រួលខ្លួនឡើយ។ វាជាបញ្ហាដែលបានកើតឡើងចំពោះកីឡាករគ្រប់គ្នា ចាប់តាំងពីពួកគេបានវិលចូលហ្វឹកហាត់វិញ»។

លោកបានបន្ថែមទៀតថា៖ «វាគ្រាន់តែជាបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ ហើយយើងបានត្រួតពិនិត្យយ៉ាងដិតដល់។ រូបគេកំពុងតែវិលទៅរកភាពល្អប្រសើរ ហើយនិងមានញ្ហាអ្វីឡើយ»។ Barcelona បានបញ្ជាក់កាលពីថ្ងៃសុក្រថា Messi គួរតែវិលទៅកាន់ការហ្វឹកហាត់ពេញលេញវិញក្នុងរយៈពេល២ ទៅ៣ថ្ងៃ ប៉ុន្តែ ការអវត្តមានរបស់គេ គឺជាកង្វល់មួយសម្រាប់ក្រុម ដែលនៅសល់រយៈពេលត្រឹមតែ១០ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីហ្វឹកហាត់ជាមួយគ្នា នៅមុនពេល La Liga ចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃព្រហស្បតិ៍៕