កាសែត L’Equipe និង RMC ចេញផ្សាយថា លោក Leonardo ប្រធានផ្នែកកីឡារបស់ក្លិប Paris-Saint Germain បានជូនដំណឹងដល់ខ្សែការពារ Thiago Silva វ័យ៣៥ឆ្នាំរួចជាស្រេចថា កិច្ចសន្យារបស់គេ នឹងមិនបន្តឲ្យឡើយ បន្ទាប់ពីរយៈពេល២ខែខាងមុខនេះ។
ហេតុនេះ មានន័យថា រូបគេនឹងត្រូវចាកចេញ បន្ទាប់ពីរដូវកាលឆ្នាំ២០១៩-២០២០ របស់ក្របខ័ណ្ឌ Champions League។ PSG កំពុងតែសម្លឹងរកការកាត់បន្ថយការចំណាយរបស់ខ្លួនទៅលើប្រាក់ខែកីឡាករ ខណៈដែលក្លិបនេះ ប្រឈមមុខនឹងការខាតបង់ទឹកប្រាក់រហូតដល់ទៅ២០០លានអឺរ៉ូ ក្រោយពីក្របខ័ណ្ឌ Ligue 1 នៅរដូវកាលនេះ ត្រូវបានប្រកាសបិទ កាលពីខែមេសា ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។
Silva ដែលបានចូលរួមជាមួយនឹងក្លិប PSG ពីក្លិប AC Milan ក្នុងឆ្នាំ២០១២នោះ អាចនឹងវិលទៅកាន់អតីតក្លិបរបស់ខ្លួនគឺ Fluminense វិញ នៅក្នុងប្រទេសប្រេស៊ីល។ រូបគេត្រូវបានគេថតកាលពីថ្ងៃអាទិត្យ ក្នុងពេលពាក់កាតសមាជិករបស់ក្លិប Fluminense និងពាក់អាវដែលមានឈ្មោះរបស់គេលើនោះ។ Silva បានឈ្នះពានក្របខ័ណ្ឌ Ligue 1 ៧លើក ជាមួយនឹង PSG រួមជាមួយនឹងការឈ្នះពាន French Cup ៤លើក និងពាន League Cup របស់បារាំង ៥លើក៕
អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Sky Sports