ទីលានបាល់ទាត់ ចំនួន១២ទៀត ដែលស្ថិតក្នុងផែនការអភិវឌ្ឍបាល់ទាត់រយៈពេលវែង នៅតាមខេត្ត-ក្រុង របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែមិថុនានេះ ដើម្បីបម្រើដល់ការអភិវឌ្ឍធនធានបាល់ទាត់ នៅទូទាំងប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

បើតាមរបាយការណ៍របស់ FFC ដែលអានដោយលោក សៅ សុខា នៅក្នុងមហាសន្និបាត កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការចាប់ផ្តើមសាងសងរចនាសម្ព័ន្ធសម្រាប់ការហ្វឹកហាត់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកនោះ គឺបានសាងសង់ទីលានរួចរាល់ចំនួន១៣ហើយ ខណៈទីលានចំនួន៩ ស្ថិតក្នុងសំណើការកំពុងសងសង់ និងទីលាន៣ទៀត កំពុងសិក្សាគម្រោង និងនិតិវិធីសាងសង់។

យ៉ាងណាក៏ដោយ បន្ថែមទៅលើរបាយការណ៍នេះ លោក សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា ទីលាន ដែលស្ថិតក្នុងសំណើការកំពុងសងសង់ ព្រមទាំងទីលានទាំង៣ ដែលកំពុងសិក្សាគម្រោង និងនិតិវិធីសាងសង់ គឺនឹងត្រូវបញ្ចប់ការសាងសង់ជាផ្លូវការ នៅក្នុងខែមិថុនានេះ។

លោក សៅ សុខា បានថ្លែង នៅក្នុងមហាសន្និបាតនោះថា៖ «តាមដែលខ្ញុំបានជួបជាមួយម៉ៅការសាងសង់ទីលាននេះ គឺទីលានទាំងអស់នេះ នឹងត្រូវធ្វើបញ្ចប់ នៅក្នុងខែមិថុនានេះ ចំណែកអ្វីដែលខ្ញុំបានរាយការណ៍នៅពេលនេះ គឺជារបាយការណ៍ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយកទិន្នន័យនេះមុន ប៉ុន្តែតាមក្រុមហ៊ុន បានឆ្លើយមកខ្ញុំថា នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ»

គួរបញ្ជាក់ថា ទីលានទាំង១៣ ដែលបានសាងសង់រួចហើយជាស្ថាពរនោះ រួមមានដូចខាងក្រោម៖

១. ទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេម៉ត់ខេត្តត្បូងឃ្មុំ រួចរាល់ឆ្នាំ២០១៧

២.ទីលានវិ.ស្វាយរៀង ខេត្តស្វាយរៀង រួចរាល់ឆ្នាំ២០១៨

៣.ទីលានវិ.ជាស៊ីមត្បែងមានជ័យ ខេត្តព្រះវិហារ រួចរាល់ឆ្នាំ២០១៨

៤.ទីលានវិ.ខ្លាកូន ខេត្តបន្ទាយមានជ័យ រួចរាល់ឆ្នាំ២០១៨

៥.ទីលានវិ.ព្រះសីហនុ ខេត្តកំពង់ចាម រួចរាល់ឆ្នាំ២០១៩

៦.ទីលានវិ.កំពង់ធំ ខេត្តកំពង់ធំ រួចរាល់ឆ្នាំ២០១៩

៧.ទីលានវិ.ព្រះរាជសម្ភារ ខេត្តកំពត រួចរាល់ឆ្នាំ២០១៩

៨.ទីលានវិ.ហ៊ុនសែនកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រួចរាល់ឆ្នាំ២០១៩

៩.ទីលានអនុវិ.សម្តេចឪ ខេត្តព្រះសីហនុ រួចរាល់ឆ្នាំ២០១៩

១០.ទីលានវិទ្យាល័យកោះកុង ខេត្តកោះកុង រួចរាល់ឆ្នាំ២០១៩

១១. ទីលានវិ.ព្រះអង្គឌួង ខេត្តព្រះវែង រួចរាល់ឆ្នាំ២០២០

១២.ទីលានអនុវិ.គោលាប់ ខេត្តក្រចេះ រួចរាល់ឆ្នាំ២០២០

១៣.ទីលានអនុវិ.ចំការដូង ខេត្តកែប រួចរាល់ឆ្នាំ២០២០

ចំណែកទីលាន ដែលកំពុងដំណើរការសាងសង់ទាំង៩ រួមមាន៖ ទីលានវិ.កំពង់ស្ពឺខេត្តកំពង់ស្ពឺ, ទីលានវិ.សុខអានព្រៃសណ្តែកខេត្តតាកែវ, ទីលានវិ.ហ៊ុនសែនកណ្តៀងខេត្តពោធិ៍សាត់ ទីលានវិ.នេតយ៉ង់ខេត្តបាត់ដំបង, ទីលានវិ.អង្គរខេត្តសៀមរាប, ទីលានវិ.តេជោសែនសំរោងខេត្តឧត្តរមានជ័យ, ទីលានវិ.ច្បារអំពៅ រាជធានីភ្នំពេញ, ទីលានសាលាបឋមសិក្សាស្ទឹងត្រែងខេត្តស្ទឹងត្រែង និងទីលានសាលាបឋមសិក្សាបុរីកម្មករបួនខេត្តរតនគិរី

ចំពោះទីលាន៣ទៀត ដែលកំពុងសិក្សាគម្រោង និងនិតិវិធីសាងសង់ រួមមានទីលានវិទ្យាល័យក្រុងទេពនិម្មិត ខេត្តប៉ៃលិន ទីលាននៅក្នុងខេត្តកណ្តាល និងទីលាននៅក្នុងខេត្តមណ្ឌលគិរី។ យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីលោក សៅ សុខា គឺទីលានទាំងអស់នេះ នឹងសាងសង់រួចរាល់ នៅក្នុងខែមិថុនានេះ៕