ស្របពេលដែលពាន DFB Pokal ឬ German Cup វិលត្រឡប់មកវិញ ក្រុម Bayern Munich នឹងត្រូវប៉ះជាមួយនឹងក្រុម Eintracht Frankfurt នៅរាត្រីនេះ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ក្រោយពីក្រុម Bayern ទើបតែបានផ្តួលក្រុម Frankfurt ក្នុងលទ្ធផល ៥-២ ក្នុងការប្រកួតក្របខ័ណ្ឌលីករបស់អាល្លឺម៉ង់ នាពេលថ្មីៗនេះ ក្រុមជើងខ្លាំងមួយនេះ នឹងឈានទៅកាន់ការប្រកួតនេះ ដោយការជឿជាក់។

ក្រុមទាំង២ធ្លាប់បានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ កាលពី២ឆ្នាំមុន ខណៈដែលក្រុម Frankfurt បានបង្កើតការភ្ញាក់ផ្អើល តាមរយៈការឈ្នះពានរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Niko Kovac។

ក្រុម Bayern របស់លោក Hansi Flick បានឈ្នះរាល់ការប្រកួតទាំង៥លើក បើគិតចាប់តាំងពីក្របខ័ណ្ឌលីកបានចាប់ផ្តើមដំណើរការឡើងវិញ កាលពីខែមុន ក្រោយពីការផ្អាកដោយសារតែវីរុសកូវីដ-១៩ ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះលើក្រុម Frankfurt ផងដែរ។

ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Leon Goretzka បានក្លាយជាការបេះដូងនៃការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Bayern ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៣គ្រាប់ផ្សេងទៀត ចាប់តាំងពីវិលទៅប្រកួតវិញ។

Goretzka ដែលបានជួយឲ្យ Kingsley Coman រកបានគ្រាប់បាល់១គ្រាប់ និងស៊ុតបាល់បញ្ចូលទីដោយខ្លួនឯងក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Bayer Leverkusen ៤-២ កាលពីថ្ងៃសៅរ៍នោះ បានឲ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់នៅពេលនេះ»៕

ប្រភពព័ត៌មាន៖ Skyspots