លោក Pep Guardiola គ្រូបង្វឹករបស់ក្លិប Manchester City បានតែងតាំងអតីតជាអ្នកណែនាំ និងគ្រូបង្វឹករបស់ខ្លួនគឺលោក Manuel Lillo ជាជំនួយការថ្មីរសប់លោក។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃអង្គារ។

លោក Lillo វ័យ៥៤ឆ្នាំ នឹងទទួលតួនាទីដែលនៅទំនេរដោយសារតែការចាកចេញរបស់លោក Mikel Arteta ដែលបានចាកចេញពីកីឡដ្ឋាន Etihad ដើម្បីទៅដឹកនាំក្លិប Arsenal។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានផ្ទេរមកពីក្លិប Qingdao Huanghai ក្រោយពីបានដឹកនាំឲ្យក្លិបនេះ ក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌចិន League One ហើយក៏បានជួយឲ្យពួកគេឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Super League របស់ចិន ផងដែរ។

លោក Lillo ដែលកាលពីមុនបានដឹកនាំក្លិប Real Sociedad, Vissel Kobe និងក្លិប Real Oviedo នោះ ធ្លាប់បានធ្វើការជាមួយនឹងកីឡាករឆ្នើមៗជាច្រើន ក្នុងអាជីពរបស់លោក ក្នុងនោះរាប់បញ្ចូលទាំង Andres Iniesta, David Villa និង Yaya Toure ផងដែរ។

លោកក៏ធ្លាប់បានធ្វើជាគ្រូបង្វឹករបស់លោក Guardiola ផងដែរ ក្នុងពេលដែលគ្រូបង្វឹករូបនេះ ស្ថិតជាកីឡាករ អំឡុងពេលពួកគេទាំង២ ស្ថិតនៅក្នុងក្លិប Dorados de Sinaloa របស់ម៉ិកស៊ិក។ លោក Lillo បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹង Pep បន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំពិតជារំភើបណាស់ក្នុងការចូលរួមជាមួយនឹងរូបគេម្តងទៀត ក្នុងក្រុមដ៏រំភើបមួយនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia