ក្រុម Bayern Munich អាចនឹងបោះជំហានដ៏ធំមួយផ្សេងទៀត ឆ្ពោះទៅកាន់ការឈ្នះពាន២ក្នុងឆ្នាំមួយ ពោលគឺពានលីកអាល្លឺម៉ង់ និងពាន German Cup ដូចរដូវកាលមុនដែរ ខណៈដែលខ្សែបម្រើ Leon Goretzka នឹងក្លាយជាកីឡាករដែលត្រូវបានចាប់អារម្មណ៍ខ្លាំងជាងគេ ចាប់តាំងពីការផ្អាកការប្រកួតដោយសារតែវីរុសកូរ៉ូណា។

ក្រុម Bayern នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Eintracht Frankfurt នៅរាត្រីនេះ នៅកីឡដ្ឋានដែលគ្មានអ្នកទស្សនា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន German Cup ពោលគឺរយៈពេល៣ថ្ងៃ មុនពេលពួកគេអាចនឹងឈ្នះពានក្របខ័ណ្ឌ Bundesliga ៨លើកជាប់ៗគ្នា។

ក្រុមរបស់លោក Hansi Flick បានឈ្នះរាល់ការប្រកួតទាំង៥លើក បើគិតចាប់តាំងពីក្របខ័ណ្ឌលីកបានចាប់ផ្តើមដំណើរការឡើងវិញ កាលពីខែមុន ក្រោយពីការផ្អាកដោយសារតែវីរុសកូវីដ-១៩ ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះលើក្រុម Frankfurt ដែលជាគូប្រកួតរបស់ខ្លួននាថ្ងៃពុធនេះ ក្នុងលទ្ធផល ៥-២ ផងដែរ។

ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Goretzka បានក្លាយជាការបេះដូងនៃការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Bayern ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៣គ្រាប់ផ្សេងទៀត ចាប់តាំងពីវិលទៅប្រកួតវិញ។

Goretzka ដែលបានជួយឲ្យ Kingsley Coman រកបានគ្រាប់បាល់១គ្រាប់ និងស៊ុតបាល់បញ្ចូលទីដោយខ្លួនឯងក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Bayer Leverkusen ៤-២ កាលពីថ្ងៃសៅរ៍នោះ បានឲ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់នៅពេលនេះ»

កីឡាករវ័យ២៥ឆ្នាំរូបនេះ បាននិយាយថារូបគេបានប្រើប្រាស់ពេលវេលាសម្រាកដើម្បីចំណាយពេលហ្វឹកហាត់ដោយខ្លួនឯងនៅកន្លែងហាត់ប្រាណ ដើម្បីជួយឲ្យ Bayern មានភាពរឹងមាំបន្ថែមទៀតក្នុងតំបន់បម្រើ៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia