ការប្រកួតរបស់ក្រុម Liverpool ជាមួយនឹងក្រុម Everton នៅថ្ងៃទី២១ ខែមិថុនា នឹងត្រូវលេងនៅកីឡដ្ឋាន Goodison Park ក្រោយពីក្រុមប្រឹក្សាប្រចាំទីក្រុង Liverpool បានអនុញ្ញាតឲ្យក្រុមទាំង២ប្រកួតគ្នាសម្រាប់កម្មវិធីប្រកួតដែលនៅសល់ក្នុងក្របខ័ណ្ឌ Premier League នៅលើទឹកដីខ្លួនឯង។

ការដណ្តើមបានជ័យជម្នះនៅលើទឹកដីនៃគូប្រកួតរបស់ខ្លួន នឹងធ្វើឲ្យក្រុម Liverpool ឈ្នះពានក្របខ័ណ្ឌលីកជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល៣០ឆ្នាំ ប្រសិនបើក្រុម Manchester City រងបរាជ័យក្រោមស្នាដៃក្រុម Arsenal នៅលើទឹកដីខ្លួនឯង នាថ្ងៃទី១៧ ខែមិថុនា។

ការប្រកួតនេះ បាននាំឲ្យមានការកង្វល់ផ្សេងៗថា អ្នកគាំទ្រអាចនឹងប្រមូលផ្តុំគ្នានៅជុំវិញកីឡដ្ឋានរបស់ក្លិបទាំង២ នៅក្នុងទីក្រុង Liverpool ដែលជាការល្មើសនឹងច្បាប់រិតត្បិតដោយសារតែវីរុសកូរ៉ូណា។ ប៉ុន្តែ ទោះបីជាយ៉ាងណា កិច្ចប្រជុំមួយជាមួយនឹងក្រុមប្រឹក្សាប្រចាំទីក្រុង មន្ត្រីប៉ូលិស និងក្រុមអ្នកគាំទ្រកាលពីថ្ងៃពុធ បានបង្កើតឲ្យមានាករឯកភាពគ្នាមួយ ដើម្បីអនុញ្ញាតឲ្យការប្រកួតនេះ ដំណើរនៅ Liverpool ពោលគឺមិនរៀបចំឡើងនៅលើទឹកដីអព្យក្រឹត។

លោក Wendy Simon អភិបាលរងទីក្រុង Liverpool បានឲ្យដឹងថា៖ «យើងពិតជាពេញចិត្តក្នុងការអនុវត្តតាមសេចក្តីណែនាំដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាល។ ក្លិប Everton និង Liverpool សុខភាពសាធារណៈ និងប៉ូលិសនៅ Merseyside នឹងធានាថា កម្មវិធីប្រកួតសម្រាប់ក្របខ័ណ្ឌ Premier League ឆ្នាំ២០១៩-២០២០ នៅរដូវកាលនេះ អាចរក្សាបាននូវសុវត្ថិភាព និងលេងប្រកបដោយសន្តិសុខទាំងនៅ Goodison Park និង Anfield»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia