អ្នកប្រដាល់មកពីជាយដែនខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា និង តាញ់ មករា ដែលសុទ្ធតែដិតដាមទៅដោយការខកចិត្ត ចំពោះការបាត់ឱកាសឈ្នះខ្សែក្រវាត់ជាបន្តបន្ទាប់ នៅក្នុងអាជីពនោះ បានបង្ហាញការស្រេកឃ្លាន ក្នុងការប្រជែងគ្នាយកខ្សែក្រវាត់ ជាលើកដំបូង ខណៈអ្នកទាំង២ ត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់៦០០០ដុល្លារ ក្នុងព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» នៅលើសង្វៀន CNC ព្រឹកថ្ងៃសៅរ៍នេះ។

វាមិនមែនជាលើកទី១ទេ ដែលអ្នកទាំង២នេះ បានខំប្រឹងប្រែងជម្នះការលំបាក ដើម្បីឡើងមកដល់វគ្គផ្តាច់ព្រ័ត្របែបនេះ ប៉ុន្តែទាំង ឃីម បូរ៉ា និង តាញ់ មករា សុទ្ធតែបានចាញ់នៅក្នុងវគ្គដ៏សំខាន់នេះ ជាពិសេស ឃីម បូរ៉ា តែម្តង ព្រោះការប្រឡូកក្នុងអាជីពជាអ្នកប្រដាល់ជាង១០ឆ្នាំនេះ បូរ៉ា បានចាញ់នៅក្នុងការប្រកួតផ្តាច់ព្រ័ត្របែបនេះ ចំនួន៥លើកមកហើយ។

វាស្ទើរតែក្លាយជាកំណត់ត្រាដ៏អាក្រក់ និងឈឺចាប់បំផុត ដែលមិនទាន់មានកីឡាកររូបនេះ បានចាញ់ទាំង៥លើក នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដូច ឃីម បូរ៉ា នោះទេ ហើយ ឃីម បូរ៉ា ផ្ទាល់ បានចងក្រងទុកយ៉ាងច្បាស់លាស់ចំពោះការបរាជ័យទាំង៥លើកនោះ ដោយក្នុងនោះគេធ្លាប់បានចាញ់កីឡាករឆាំ រ៉ែន នៅCNC, ចាញ់ សារឹម ង៉ា នៅសង្វៀន SEATV,ចាញ់ ម៉ន សាម៉េត នៅ SEATV,ចាញ់ ឡុង សំណាង នៅប៉ុស្តិ៍លេខ៥ និងចាញ់ សៀវ ង៉ុយ នៅសង្វៀនអប្សរា។

ការបរាជ័យទាំង៥លើក នៅវគ្គផ្តាច់ព្រ័ត្រនេះ បានធ្វើឲ្យលោក ហេង ប៊ុនឃីម ដែលជាឪពុក និងគ្រូបង្វឹកផ្ទាល់របស់ ឃីម បូរ៉ា ធ្លាប់ព្រលយពាក្យបែបចម្អន់ដល់កូនរបស់លោកថា «អាគ្មានក្រយ៉ៅស៊ីលុយធំ» ចំពោះការជួប តាញ់ មករា លើកនេះ ក៏លោក ប៊ុនឃីម សង្ឃឹមតិចដែរ គឺត្រឹម៤០ភាគរយប៉ុណ្ណោះ ដោយលោកបានលើកហេតុផលថា៖ «យើងខ្សែតូច គ្មានបក្ខពួកអ្វីទេ គឺប្រកួតតាមសមត្ថភាព ហើយតាមរយៈការប្រកួតកន្លងមកនេះ បូរ៉ា ធ្លាប់ទទួលរងភាពអយុត្តិធម៌មិនតិចនោះទេ»

ផ្ទុយពីនេះចំពោះ ឃីម ប៉ូរ៉ា ផ្ទាល់ គឺមានទំនុកចិត្តខ្ពស់ថា រួមគេ នឹងអាចឈ្នះយកឈ្នះ តាញ់ មករា ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់លើកនេះ។ ប្អូនប្រុសម្ចាស់មេដាយមាស ឃីម ឌីម៉ា រូបនេះ បានបញ្ជាក់ថា៖ «ចាប់តាំងពីចាប់អាជីពជាអ្នកប្រដាល់មក ខ្ញុំមិនធ្លាប់ឈ្នះបានខ្សែក្រវាត់ទេ គឺចាញ់នៅវគ្គផ្តាច់ព្រ័ត្ររហូត ហើយការប្រកួតលើកនេះ ធានាវ៉ៃអស់ពីសមត្ថភាព ចំណែករឿងគេឲ្យឈ្នះ ឬចាញ់ គឺនៅលើចៅក្រម និងគណៈកម្មការ ប៉ុន្តែសម្រាប់ខ្ញុំគិតថា នឹងឈ្នះ តាញ់ មករា»

ដោយឡែក តាញ់ មករា ដែលធ្លាប់បានបាត់បង់ឱកាសឈ្នះខ្សែក្រវាត់ ក្រោយចាញ់ពិន្ទុ ឈុត សេរីវ៉ាន់ថង នៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតនៅលើសង្វៀន CNC នេះ ហាក់មានទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះ ឃីម បូរ៉ា បើទោះបីជា ឃីម បូរ៉ា ទើបបានយកឈ្នះ ឈុត សេរីវ៉ាន់ថង ដោយពិន្ទុដាច់ ដើម្បីឡើងមកជួបរូបគេ នៅវគ្គផ្តាច់ព្រ័ត្រនេះក៏ដោយ។

កូនសិស្សលោក ធន់ សុភា រូបនេះ បាននិយាយថា៖ «ខ្ញុំមិនធ្លាប់ជួប ឃីម បូរ៉ា កន្លងមកទេ ប៉ុន្តែតាមរយៈការមើលការប្រកួត ខ្ញុំឃើញថា គាត់ប្រើក្បាច់ និងវ៉ៃដើរចូល ហើយខ្ញុំចូលចិត្តវ៉ៃជាមួយកីឡាករប្រើក្បាច់បែបនេះ។ ជាមួយគ្នានេះ ខ្ញុំមានការជឿជាក់ថា ខ្ញុំនឹងអាចដណ្តើមបានខ្សែក្រវាត់ពី ឃីម បូរ៉ា ព្រោះកន្លងមក ខ្ញុំធ្លាប់ទទួលបានត្រឹមលេខ២ ឬជើងឯករង»