ប្អូន​ប្រុសបង្កើតរបស់ម្ចាស់មេដាយ​មាស​ស៊ីហ្គេម ឃីម ឌីម៉ា គឺ ឃីម បូរ៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាគ​រយខ្ពស់ជាង​គេ ដែលអាច​នឹង​ក្លាយ​ជា​ម្ចាស់ជើង​ឯក ក្នុងការ​ប្រកួតម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់​៦០​គីឡូក្រាម នៃ​កម្ម​វិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន ​នាថ្ងៃអាទិត្យនេះ។

ការ​វាយ​តម្លៃ​មុនការ​ប្រកួត​ឈាន​ចូល​មក​ដល់នេះ បេក្ខភាព​៣នាក់ទៀត​​រួម​មាន តាញ់ មករា, សោម វិឆ័យ និង គង់ ហូវ សុទ្ធតែ​ធ្លាប់​ចាញ់ ឃីម បូរ៉ា កន្លង​មក ប៉ុន្តែ​គេនៅមិនទាន់​ដឹង​ថា ឃីម បូរ៉ា នឹង​ចាប់ឆ្នោតប៉ះ​កីឡាករ​រូប​ណា នៅ​ក្នុង​ការ​ប្រកួតវគ្គ​ជម្រុះ​៣ទឹក​នោះ​ទេ ហើយ​អ្នក​ឈ្នះ នឹង​ឡើង​ប្រកួត​ផ្តាច់ព្រ័ត្រ ដោយ​វ៉ៃ​គ្នា​៩នាទី​គ្មាន​ឈប់ ហើយ​អ្នក​​ផ្តួលគូ​ប្រកួត​ឲ្យសន្លប់ ទើប​អាច​ក្លាយជា​ម្ចាស់​ទឹក​ប្រាក់ ៣,៤​លាន​រៀល។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុងចំណោម​បេក្ខភាពទាំង៣​នេះ តាញ់ មករា​ មានសមត្ថ​ភាព​អាច​ប្រកួតប្រជែង​ជាមួយ ឃីម បូរ៉ា បាន។ បើទោះបីជា មករា ទើប​ចាញ់ បូរ៉ា ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅ​សង្វៀន CNC កាល​ពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ប៉ុន្តែ​ការ​ប្រកួត ដែល​មាន​ភាពស្វិតស្វាញ​បំផុត ហើយ តាញ់ មករា ក៏មិនអស់​ចិត្តចំពោះការ​ចាញ់នោះទេ។

ប៉ុន្តែលោក​ ធន់ ​សុភា​ គ្រូ​បង្វឹក ​តាញ់​ មករា បាន​​​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថា៖​«​​ការប្រកួត​ដែល​លំបាក និង​ជាឧ​បសគ្គ​ធំ​ជាង​គេចំពោះ តាញ់ មករា ក្នុងការ​ប្រកួតដណ្តើម​ប្រាក់លាន​នេះ គឺ ឃីម បូរ៉ា នេះ​ឯង ​ប៉ុន្តែ​បើ​ជួប គង់ ​ហូវ ​ឬ ​សោម​ វិឆ័យ​ នៅវគ្គ​ជម្រុះ​​នោះ​ តាញ់​ មករា​ មាន​សង្ឃឹម​​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដោយ​មិន​ព្រួយ​ឡើយ»។

ដោយ​ឡែក គង់ ហូវ ទើបតែ​ចាញ់ ឃីម បូរ៉ា ក្នុងការ​ប្រកួត៣ទឹក នៅ​សង្វៀន PNN កាល​ពី​ថ្ងៃអាទិត្យ សប្តាហ៍មុន ហើយយោងតាមការ​ប្រកួត​នោះ គឺ​សមត្ថ​ភាព​ប្រកួត​របស់ គង់ ហូវ មិន​អាចយក​ឈ្នះ​លើ ឃីម បូរ៉ា បាន​នោះ​ទេ ហើយគ្រូបង្វឹក​របស់គេ ក៏យល់​ឃើញ​បែបនេះ​ដែរ។