លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship បានលើកសរសើរដល់លោក Dana White ប្រធាន UFC ដែលអាចចាប់ផ្ដើមរៀបចំការប្រកួតកាលខែមុនអំឡុងពេលមេរោគ Covid-19 កំពុងតែវាយលុក ខណៈដែលលោក និងក្រុមការងារកំពុងដុតដៃដុតជើងដើម្បីត្រៀមខ្លួនមករៀបចំព្រឹត្តិការណ៍វិញ។

លោក Sityodtong កំពុងគិតលើវិធានការផ្ទាល់ខ្លួនដើម្បីឲ្យ ONE Championship ត្រលប់មករកការប្រកួតជាថ្មីក្នុងវិបត្តិសុខភាពសាធារណៈមិនធ្លាប់មានពីមុនមកនេះ។ យ៉ាងណាក្ដី លោក Sityodtong បានប្រាប់សារព័ត៌មាន AP នាពេលថ្មីៗនេះថា កម្មវិធីប្រកួតរបស់ ONE Championship ត្រូវតែចាប់ផ្ដើមនារដូវក្ដៅនេះ។ ប៉ុន្តែការវិលត្រលប់មកវិញនៅមិនទាន់កំណត់ថ្ងៃប្រកួត ឬ ទីតាំងច្បាស់លាស់សម្រាប់ការប្រកួតដំបូងអំឡុងពេល Covid-19 លុកលុយនោះទេ។

លោក Sityodtong កំពុងធ្វើការជាមួយរដ្ឋាភិបាលនានា និងអ្នកជំនាញសុខភាពមកពីចិន ថៃ និង សិង្ហបុរីជាដើមដើម្បីធ្វើឲ្យការប្រកួតដំណើរការវិញឆាប់ៗនេះ។ នៅពេលអ្វីៗរួចរាល់ លោករៀបចំឲ្យការប្រកួតកើតឡើងនៅឆ្នាំ២០២០ នេះ។ ព្រឹត្តិការណ៍ចុងក្រោយរបស់ ONE Championship រៀបចំឡើងកាលថ្ងៃទី ២៨ កុម្ភៈ កន្លងទៅនៅសិង្ហបុរីមុនពេលមេរោគផ្ទុះខ្លាំងរហូតដល់បិទប្រទេសរៀងៗខ្លួន។

លោកគូសបញ្ជាក់ប្រាប់ AP បែបនេះ៖ «ការពិតណាស់ ខ្ញុំសម្ដែងការគោរពដល់ Dana White ប្រធាន UFC ដែលលើកទឹកចិត្ត និង រៀបចំព្រឹត្តិការណ៍ឡើងវិញបានក្នុងពេលដ៏លំបាកនេះ។ ONE Championship របស់យើងមានកម្រិតប្រហែលគ្នា ប៉ុន្តែខ្ញុំអាចនិយាយថាយើងមានការប្រុងប្រយ័ត្នខ្ពស់បន្តិច ព្រោះសុវត្ថិភាព គឺជាអាទិភាពខ្ពស់របស់យើង។ យើងមិនរហ័សពេកដើម្បីវិលវិញ និងដើម្បីគ្រាន់តែផ្សាយអំពីម៉ាកយីហោរបស់យើងនោះទេប៉ុន្តែ យើងត្រលប់មកវិញអមដោយបរិយាកាសដែលមានសុវត្ថិភាពទាំងអស់គ្នាពីគ្រប់ផ្នែកដែលពាក់ព័ន្ធ»

Sityodtong ប្រឈមនឹងបញ្ហាសុខភាពសាធារណៈខុសគ្នាជាង UFC ដែលមានការបន្ធូរបន្ថយខ្លាំងសម្រាប់អត្តពលិកនៅរដ្ឋផ្លរីដា និង Nevada។ ONE Championship មានអត្តពលិកមកពីជុំវិញអាស៊ី- ប៉ាស៊ីហ្វិក និងរៀបចំរហូតដល់៩ប្រទេសនៅឆ្នាំ២០១៩។ ដូច្នេះប្រទេសនីមួយៗមានកង្វល់សុខភាពផ្សេងគ្នា បញ្ហាទិដ្ឋាការរបស់អត្តពលិក និង មានច្បាប់តឹងរ៉ឹងពីសំណាក់ប្រទេសទាំងនោះ មិនដូចការរៀបចំកម្មវិធីនៅកន្លែងដែលសម្បូរដោយកីឡាករនោះទេ។

លោក Sityodtong សង្កត់ធ្ងន់បែបនេះ ៖«រដ្ឋាភិបាលខុសគ្នាមានគោលការណ៍ផ្សេងគ្នាក្នុងកម្រិតរបស់គេ ដូចជាការដាក់ប្រទេសក្នុងគ្រាអាសន្នដែរ។ ដូច្នេះវាលំបាកបន្តិចដើម្បីរៀបចំឲ្យបានឆាប់ និង ដំណើរការកម្មវិធី។ ប៉ុន្តែខ្ញុំបានធ្វើការមិនឈប់ឈរទេ និង មានអារម្មណ៍កាន់តែល្អឡើង»។

ងាកមកកាន់សិង្ហបុរីដែលជាទីស្នាក់ការធំរបស់ ONE Championship គឺថាគ្រប់កម្មវិធីកីឡាត្រូវផ្អាកប្រហែលជា ៣ ខែមកហើយដោយសារ COVID-19។ ព្រឹត្តិការណ៍ពីរលើកចុងក្រោយរបស់ ONE Championship គឺរៀបចំនៅសិង្ហបុរីកាលខែ កុម្ភៈ ហើយលោក Sityodtong កំពុងធ្វើការងារជាមួយរដ្ឋាភិបាលប្រទេសនេះដើម្បីឈានទៅរកការចូលមកប្រកួតក្នុងប្រទេសប្រកបដោយសុវត្ថិភាព។

Sityodtong មិនបារម្ភអំពី UFC ដែលរៀបចំព្រឹត្តិការណ៍មុន ONE និង កម្មវិធីប្រកួត MMA ផ្សេងនោះទេ។ UFC នឹងរៀបចំព្រឹត្តិការណ៍ទី៦ ក្នុងអំឡុងវិបត្តិ Covid-19 នាសប្ដាហ៍នេះនៅរដ្ឋ Las Vegas និងបន្តរៀបចំពីរលើកទៀតមុនពេលទៅរៀបចំនៅក្រុងអាប៊ុយដាប៊ី នៅលើកោះ Yas Island សម្រាប់ការប្រកួត ៤ លើកពីប្រទេស អេមីរ៉ាតអារ៉ាប់រួម។

Sityodtong គិតថាការត្រលប់របស់ ONE យឹតបន្តិចប៉ុន្តែលៃលកយ៉ាងឲ្យសមស្របទៅហ្នឹងប្រទេសជាច្រើននៅតំបន់អាស៊ី។ ក្រោយស្ងប់ស្ងាត់មួយរយៈនេះ Sityodtong ក៏តាមដានរឿងប្រទូសរ៉ាយកើតឡើងពីសំណាក់កីឡាករកម្រិតពិភពលោករបស់ UFC ដែលលោកប្រធាន White មានបញ្ហាជាមួយដូចជា Jon Jones និង Jorge Masvidal មុនពេលម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកពីរប្រភេទទម្ងន់ Conor McGregor ប្រកាសចូលនិវត្តន៍ដ៏ភ្ញាក់ផ្អើល។

គួរដឹងថា ONE Championship បានចុះកុងត្រាអតីតម្ចាស់ខ្សែក្រវាត់របស់ UFC ជាច្រើនដូចជាអតីតម្ចាស់ខ្សែក្រវាត់ UFC Champions កីឡាករ Demetrious Johnson និង Eddie Alvarez ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ Sityodtong មិនទាញយកកីឡាករជាប់កិច្ចសន្យានៅ UFC ទេ ប៉ុន្តែលោកតែងតែផ្ដោតអារម្មណ៍ខ្ពស់។

នាយកប្រតិបត្តិខាងលើពិពណ៌នាថា៖ «យើងតែងតែជជែកអំពីកីឡាករកំពូលដែលផុតកិច្ចសន្យានៅជុំវិញពិភពលោក។ អ្នកចាត់ការជាច្រើនបានទាក់ទងមកយើង ហើយយើងក៏ចាប់អារម្មណ៍ដើម្បីឲ្យប្រកួតប្រជែងខ្លាំងនៅសង្វៀនរបស់យើង។ ខ្ញុំជាអ្នកគាំទ្រម្នាក់របស់ Jorge Masvidal។ ហើយមានតារាល្បីៗច្រើននៅទីនោះ។ ប៉ុន្តែយើងមិនធ្វើអ្វីដែលរំលោភកិច្ចសន្យាជាមួយ UFC ទេ»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី