សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នឹងបំពេញការប្រកួតក្របខ័ណ្ឌ Champions League ខណៈដែលការប្រកួតវគ្គ៨ក្រុមចុង នឹងត្រូវរៀបចំឡើងក្នុងរយៈពេល១០ថ្ងៃ នៅទីក្រុង Lisbon។ នេះបើយោងទៅតាមគម្រោងមួយ ដែលនឹងត្រូវបង្ហាញដល់គណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន ដើម្បីធ្វើសច្ចានុម័តនៅថ្ងៃពុធ។

ប្រភពមួយដែលនឹងជិតដិតនឹងកិច្ចពិភាក្សាផ្សេងៗរវាងក្លិប និងអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានបញ្ជាក់ប្រាប់ថា សំណើនេះ ត្រូវបានរំពឹងទុកថា នឹងទទួលបាននូវការឯកភាព ក្រោយពីការព្រមព្រៀងជាឯកច្ឆន្ទមួយ ត្រូវបានឈានដល់កាលពីថ្ងៃចន្ទ ថ្មីៗនេះ។ UEFA មិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើសុំឲ្យធ្វើការបកស្រាយឡើយ។

ក្រោមគម្រោងនេះ យុទ្ធនាការ Champions League ដែលត្រូវបានផ្អាកកាលពីខែមីនា ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា នឹងចាប់ផ្តើមប្រកួតឡើងវិញ ក្នុងជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ នៅលើទីលានដែលបានគ្រោងទុក។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយដែលមានតែ១ជើង នឹងត្រូវរៀបចំឡើងនៅទីក្រុង Lisbon ក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែសីហា។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ហើយវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ក្នុងរដ្ឋធានីរបស់ព័រទុយហ្គាល់៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia