ការព្រួយបារម្ភរបស់អ្នកលេងកណ្តាប់ដៃ លាភ រដ្ឋា និង ធន់ អៀងឡៃ ក្នុងការរកអ្នកឈ្នះ ដើម្បីទទួលបានប្រាក់លាន នៅក្នុងការប្រកួតម៉ារ៉ាតុង ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀនថោន នោះ ពិតជាបានកើតឡើងពិតមែន បន្ទាប់ពីអ្នកទាំង២ មិនអាចផ្តួលគ្នាឲ្យសន្លប់ ពេលឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ទៅតាមច្បាប់ប្រកួត ដែលបានកំណត់នោះ។

បើទោះបីជា លាភ រដ្ឋា និង ធន់ អៀងឡៃ សុទ្ធតែបានផ្តួលគូប្រកួតឲ្យសន្លប់រៀងៗខ្លួន នៅក្នុងការប្រកួតជម្រុះ ដែលមានត្រឹម៣ទឹក ប៉ុន្តែអ្នកទាំង២ បានត្រឹមចែកប្រាក់រង្វាន់គ្នាជា២ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងរយៈពេល៩នាទីពេញ បានបញ្ចប់ដោយលទ្ធផលស្មើ តាមការកំណត់របស់ Mas Fight ព្រោះគ្មានអ្នកសន្លប់នោះ។

ជាមួយគ្នានេះ លាភ រដ្ឋា បានសរសើរទៅដល់ ធន់ អៀងឡៃ នៅក្រោយការប្រកួតថា៖ «ការប្រកួតនេះស្វិតស្វាញណាស់ ព្រោះគេល្អ ដល់អ៊ីចឹងធ្វើឲ្យខ្ញុំមានការពិបាកដែរ។ ខ្ញុំបានព្យាយាមចេញកណ្តាប់ដៃបានច្រើនដែរ ប៉ុន្តែគេនៅតែមិនសន្លប់ ដោយសារ ធន់ អៀងឡៃ មានភាពស៊ូខ្លាំង»

យ៉ាងណាក៏ដោយ លាភ រដ្ឋា ដែលបានទាត់ឲ្យ អេលីត កែវឡុង សន្លប់ត្រឹមទឹកទី១ នៅវគ្គជម្រុះនោះ មានការពេញចិត្តទៅនឹងច្បាប់ប្រកួតរបស់ Mas Fight ដែលបានកំណត់ឲ្យស្មើគ្នា និងចែកប្រាក់រង្វាន់ជា២ នៅពេលគ្មានអ្នកសន្លប់ សម្រាប់ការប្រកួត៩នាទីពេញ នៅវគ្គផ្តាច់ព្រ័ត្រ។

អ្នកប្រដាល់ជំនាញប្រើកណ្តាប់ដៃមកពីខេត្តបន្ទាយមានជ័យ លាភ រដ្ឋា បានបញ្ជាក់ថា៖ «ការកំណត់ឲ្យស្មើគ្នា ក្នុងពេលគ្មានអ្នកសន្លប់នេះ ល្អមែនទែន ព្រោះបានធ្វើឲ្យកីឡាកររបស់យើងប្រឹងប្រែងជាងមុនទ្វេរដង ដ្បិតអីអ្នកអាចផ្តួលគូប្រកួតឲ្យសន្លប់ នៅវគ្គផ្តាច់ព្រ័ត្រ បានលុយច្រើនគួរសមដែរ»

យ៉ាងណាមិញ ធន់ អៀងឡៃ ដែលបានទាត់ឲ្យកីឡាករ លន់ សៀកឡេង ខូចជើងឆ្វេង នៅទឹកទី២នោះ ក៏បានសរសើរពីភាពខ្លាំងរបស់ លាភ រដ្ឋា ផងដែរ ហើយរូបគេក៏បានព្យាករណ៍ទាំងមុនប្រកួតដែរថា រវាងពួកគេ នឹងគ្មានអ្នកសន្លប់ បើបានជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករទើបសាងបានភាពល្បី ធន់ អៀងឡៃ បាននិយាយថា៖ «ការប្រកួតនេះ មានការពិបាកមែនទែន ព្រោះផ្លែរបស់គាត់ចេញមកច្បាស់ៗ និងធ្ងន់ៗ ហើយលទ្ធផលនេះ វាដូចទៅនឹងការរំពឹងរបស់ខ្ញុំដែរ គឺគូខ្ញុំទាំង២នេះ គ្មានអ្នកសន្លប់ទេ ព្រោះសុទ្ធតែជាកីឡាករមានភាពស៊ូខ្លាំងដូចគ្នា»