ក្រុម Bayern Munich បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Bundesliga កាលពីថ្ងៃ​អង្គារ ក្រោយ​ពី​បាន​លើក​ពាន​លីកនេះ​​ជាលើក​ទី​៨​ជាប់​ៗ​​គ្នា ខណៈដែល​​គ្រាប់បាល់​​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់​ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ១-០ ស្រប​ពេលក្រុម Paderborn ត្រូវ​បាន​កាត់​ចេញ​ពី​ក្រប​ខ័ណ្ឌ​កំពូល​របស់​អាល្លឺ​ម៉ង់ នៅ​ទីក្រុង​បែរ​ឡាំង​។

Bayern បាន​កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​៨​ជាប់​ៗ​គ្នា​របស់​ខ្លួន បើ​គិត​ចាប់​តាំង​ពី​ Bundesliga បាន​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​ឡើង​វិញ កាលពី​ពាក់​កណ្តាល​ខែ​ឧសភា នៅ​​ក្នុង​កីឡដ្ឋាន​ដែល​គ្មាន​អ្នក​ទស្ស​នា ដោយ​សារ​តែ​ការ​រាត​ត្បាត​​របស់វីរុសកូរ៉ូ​ណា ខណៈ​ដែល​លោក​គ្រូបង្វឹក Hansi Flick បាន​ឈ្នះពាន​លីក​ជាលើក​ទី​១​របស់​លោក សម្រាប់​ការ​ចូលកាន់​តំណែង​​ជាលើក​ទី​២​។ លោក Flick ដែលក្រុម​របស់​លោក បាន​ឈ្នះ​​រាល់​ការ​ប្រកួត​ទាំង​១៤​លើក​ចុងក្រោយ​របស់​ខ្លួន​នោះ បាន​ឲ្យ​ដឹង​ថា៖ «សូម​អប​អរ​ដល់​ក្រុម​នេះ​។ វា​ពិត​ជា​រំភើប​ណាស់​ចំពោះ​អ្វី​ដែល​យើង​​ធ្វើ​បានសម្រេច ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ​។ នៅ​ថ្ងៃ​នេះ ​មិន​មាន​ការ​រិះ​គន់​​ឡើយ​។ អ្នក​ត្រូវ​តែ​​​ទទួលស្គាល់​ចំពោះ​របៀប​ដែល​កីឡាករ​ធ្វើបាន​។ កីឡាករ គ្រូបង្វឹក និង​ក្រុម​ទាំង​មូល មាន​ការ​សាមគ្គី​ដ៏ល្អ​មួយ​»​។

លទ្ធ​ផល​នេះ ធ្វើ​ឲ្យ​ក្រុម Werder Bremen នៅ​តែ​ស្ថិតក្នុង​តំបន់​កាត់ចោល ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​២លើក​ទៀត ដើម្បី​គេចផុត​ពី​ការ​ធ្លាក់​ចេញ​ទៅកាន់​ក្រប​ខ័ណ្ឌ​ទី​២ ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៨០​។ ក្រុម​បាត​តារាង Paderborn បាន​រង​នូវ​ការ​កាត់ចេញ ក្រោយពី​ចាញ់ ១-០ នៅ​លើ​ទឹក​ដីក្រុម Union Berlin ក្រោយពី​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​កីឡាករ Ben Zolinski៕

ប្រភព​ព័ត៌​​មាន៖ Channel News Asia