បរទេស៖ ខ្សែ​ប្រយុទ្ធ​​ឆ្នើម Robert Lewandowski និង Erling Haaland នឹង​ត្រូវ​ជួប​គ្នា​​ក្នុង​​ការ​ប្រកួត​ដែល​អាច​ជា​ជំនួប​ជាលើក​ចុងក្រោយ​ក្នុងក្រប​ខ័ណ្ឌ Bundesliga ក្នុង​​ការ​ប្រកួត​រវាងក្រុម​​កំពូល​តារាង Bayern Munich និង Borussia Dortmund នៅ​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍​នេះ​។

ការ​ដណ្តើមបាន​ជ័យ​ជម្នះ​លើ​ទឹក​ដីខ្លួន​ឯង​លើ​ក្រុម​លេខ​២ Dortmund នា​កីឡដ្ឋាន Allianz Arena ក្នុង​ទីក្រុង​ Munich នឹង​ជួយ​ឲ្យ​ក្រុម Bayern ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Bundesliga ជាលើក​ទី​១០​ជាប់​ៗ​គ្នា ខណៈ​ដែលនៅ​សល់​ការ​ប្រកួត​៣លើក​ទៀត​។ Lewandowski ក៏​​អាច​លើក​ពាន Bundesliga ជាលើក​ទី​១០​ផង​ដែរ ក្នុង​នោះ​ការ​ឈ្នះ​ពាន​៨​លើក​បាន​​កើត​​ឡើង​ជាមួយ​នឹងក្រុម Bayern ហើយ​២លើក​ទៀត​កើត​ឡើង​ជា​មួយនឹងអតីត​ក្លិបរបស់​គេ Dortmund ដែល​រូប​គេ​បាន​ចាក​ចេញក្នុងឆ្នាំ​២០១៤​។

Haaland វ័យ​២១​ឆ្នាំ និង Lewandowski វ័យ​៣៣​ឆ្នាំ បាន​លេង​ក្នុង​តួនាទី​ដ៏សំខាន់​ក្នុងចំណោម​ការ​​​ជួប​ប្រកួត​គ្នា​ចំនួន​​៦លើក​ចុងក្រោយ ដោយ​ក្រុម Bayern បាន​ឈ្នះទាំង​៦លើក ខណៈ​ដែល Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​៨​គ្រាប់ ហើយ Haaland បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់​។ ពួក​គេ​គឺ​ជា​តា​រាឆ្នើម​​​២​នាក់​របស់​ពិភព​លោក ដែល​បាន​បង្កើត​ភាព​ល្បី​ល្បាញ​ជាង​កីឡាករ​ផ្សេង​ដាច់​ក្នុងក្រប​ខ័ណ្ឌ Bundesliga ខណៈ​ដែល​លោក Hans-Joachim Watzke នា​យក​ប្រតិបត្តិ​ក្លិប Dortmund បាន​ប្រាប់សារ​ព័ត៌​មាន Sport Bild ថា ពួក​គេ​ជា​កីឡាករ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​បំផុត​មក​ពី​បរទេស​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia