សហព័ន្ធកីឡាបាល់បោះកម្ពុជា ដែលទើបបញ្ចូលបន្ថែមនូវថ្នាក់ដឹកនាំ ទៅក្នុងគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងតែងតាំងទីប្រឹក្សាជាជនបរទេសចំនួន៣នាក់ និងបានជ្រើសរើសអគ្គលេខាធិការជាជនបរទេស១រូប មកជួយធ្វើការងារ នៅក្នុងអាណត្តិថ្មីទី៨ ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣នោះ បានដាក់ចេញនៅយុទ្ធសាស្រ្តអាទិភាព៥ចំណុច ដើម្បីជំរុញឲ្យបាល់បោះ អាចមានលទ្ធភាព ឈានទៅរកការទទួលបានជោគជ័យ គឺការប្រមាញ់បានមេដាយ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
ចំពោះយុទ្ធសាស្រ្តទាំង៥ចំណុច ដែលសហព័ន្ធកីឡាបាល់បោះកម្ពុជា បានដាក់ចេញ នៅក្នុងអាណត្តិទី៨នេះ គឺទី១ ពង្រឹងក្លិបកីឡា ទាំងគុណភាព និងបរិមាណ ទី២ ពង្រីកសកម្មភាពការប្រកួតលីក ឲ្យកាន់តែប្រសើរឡើង និងមានគុណភា ទី៣ ពង្រឹងមន្រ្តីជំនាញ ទាំងបរិមាណ និងគុណភាព ទី៤ ពង្រឹងប្រព័ន្ធការប្រកួត ៥ទល់៥ ព្រមទាំង ៣ទល់៣ (បុរស-នារី) ឲ្យបានខ្លាំង ហើយទី៥ សម្រួចក្រុមជម្រើសជាតិបុរស និងនារី ឲ្យមានគុណភាពខ្ពស់។
លោក ស៊ាន បូរ៉ាត ដែលត្រូវបានអង្គមហាសន្និបាត បោះឆ្នោតឲ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្នុងអាណត្តិថ្មីនេះ មានការជឿជាក់ថា ការដាក់ចេញនៅយុទ្ធសាស្រ្តទាំង៥នេះ នឹងអាចជួយឲ្យវិស័យបាល់បោះកម្ពុជា មានការរីកចម្រើន ស្របទៅតាមផែនការយុទ្ធសាស្រ្ត ក្នុងដំណើរឆ្ពោះទៅរកការទទួលបានលទ្ធផលល្អ នៅស៊ីហ្គេម ២០២៣។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស៊ាន បូរ៉ា បានបញ្ជាក់ នៅក្នុងមហាសន្និបាត កាលពីថ្ងៃអង្គារនោះថា៖«ក្នុងនាមសហព័ន្ធកីឡាបាល់បោះកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿយ៉ាងមុតមាំថា សកម្មភាពកីឡាបាល់បោះ ក្នុងអាណត្តិទី៨នេះ នឹងបោះជំហានទៅមុខដ៏រលូន និងល្អប្រសើរ ហើយនឹងឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុងការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ជាក់ជាមិនខាន»៕