លោក Jose Mourinho បានបញ្ជាក់ថា តារាឆ្នើម Harry Kane, Moussa Sissoko និង Son Heung-min នឹងចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង នៅពេលប្រកួតជាមួយនឹងក្រុម Manchester United ក្នុងក្របខ័ណ្ឌ Premier League នៅរាត្រីនេះ។

ការផ្អាកអស់រយៈពេល៣ខែដោយសារតែវីរុសកូរ៉ូណា បានផ្តល់អត្ថប្រយោជន៍ដ៏ខ្លាំងសម្រាប់ក្រុម Spurs បើធៀបទៅនឹងក្លិបផ្សេង ពោលគឺហាក់ដូចជាការអនុញ្ញាតឲ្យតារាឆ្នើមៗរបស់ពួកគេសម្រាកព្យាបាលរបួសអ៊ីចឹង។ ប៉ុន្តែ ពួកគេនឹងត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងការប្រជែងដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League។

ពួកគេកំពុងតែដេញតាមពីក្រោយក្រុមឈរលេខ៤ Chelsea ដល់ទៅ៧ពិន្ទុ និង៤ពិន្ទុតាមពីក្រោយក្រុម Man United ដែលឈរលេខ៥ ដែលគ្រប់គ្រងក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប ប្រសិនបើការជាប់បម្រាមរយៈពេល២រដូវកាលរបស់ក្លិប Manchester City នៅតែបន្ត។

Spurs នឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Giovani Lo Celso សាកល្បងលើភាពរឹងមាំរបស់ខ្លួន ស្របពេលដែលខ្សែការពារ Jan Vertonghen ក៏នឹងចូលលេងផងដែរ ស្របពេលដែលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។

លោក Mourinho បានឲ្យដឹងថា Lo Celso បានជួបបញ្ហារបួស នៅមុនពេលរដូវកាលនេះ ត្រូវបានផ្អាក កាលពីខែមីនា ប៉ុន្តែ ច្បាប់បិទប្រទេស មានន័យថា រូបគេមិនទទួលបានការព្យាបាលដ៏សមរម្យឡើយ៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia