លោក Zinedine Zidane បាននិយាយថា Karim Benzema បានបំបិទមាត់ «ក្រុមអ្នករិះគន់ឲ្យស្ងាត់មាត់បន្តិច» នៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ នៅពេលប្រកួតជាមួយនឹងក្រុម Valencia កាលពីថ្ងៃព្រហស្បតិ៍។

Benzema បានប្រើជើងស្តាំឆ្កិះបាល់រំលងក្បាលរបស់ខ្សែការពារ Hugo Gillamon យ៉ាងល្អ ហើយបន្ទាប់មក បានស៊ុតបាល់ចូលជ្រុងម្ខាងនៃទី ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Valencia ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Alfredo di Stefano។

ខ្សែបម្រើ Marco Asensio បានជួយឲ្យក្រុមរបស់ខ្លួននាំមុខ ២-០ ក្រោយពីខ្សែប្រយុទ្ធ Benzema បានជួយឲ្យក្រុម Real រកបានគ្រាប់បាល់នាំមុខមុន ខណៈដែលការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់គេ បានជួយឲ្យរូបគេរកបានគ្រាប់បាល់សរុប២១គ្រាប់ ក្នុងការប្រកួត៣៨លើកនៅរដូវកាលនេះ។

លោក Zidane បានឲ្យដឹងថា៖ «ការបង្ហាញពីទម្រង់លេងរបស់គេពិតជាអស្ចារ្យ ក៏ដូចជាក្រុមទាំងមូល ប៉ុន្តែ គ្រាប់បាល់របស់គេពិតជាល្អ។ យើងដឹងថា រូបគេមានជំនាញលើជើងឆ្វេងរបស់គេ ប៉ុន្តែ ការឆ្កិះបាល់បែបនេះ និងការធ្វើចលនាជើងឆ្វេងចុះឡើង ពិតជាអស្ចារ្យ ខណៈដែលបាល់មិនបានប៉ះទៅនឹងទីលានប្រកួតឡើយ ដែលនេះគឺជាជំនាញដ៏គួរឲ្យសរសើរ»។ លោកគ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាពិតជាគ្រាប់បាល់ដ៏ល្អ ហើយខ្ញុំពិតជារីករាយជួសរូបគេ»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia